ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក សុខ ឥសាន បានធ្វើការបរិយាយពីបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងកម្ពុជា ជាពិសេសទំនាក់ទំនងជាមួយប្រទេសសៀម ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ យ៉ាង។

ក្នុងការបរិយាយរបស់លោក បានលើកឡើងពីបញ្ហាទឹកដីដែលសៀមបានឈ្លានពានយកក្រោយថ្ងៃបទឈប់បាញ់ ដោយលោកបញ្ជាក់ថា នេះគឺជាទឹកដីដែលសៀមយកដោយខុសច្បាប់ទាំងស្រុង។ លោកក៏បានលើកឡើងពីការសាងសង់សំណង់រឹងមាំរបស់សៀមនៅក្នុងទឹកដីកម្ពុជា ដែលបង្ហាញពីចេតនាមិនដកថយរបស់ពួកគេ។
លោក សុខ ឥសាន បានពន្យល់ថា៖ “ក្នុងការតវ៉ាតាមផ្លូវការទូត និងការចរចា បើសៀមនៅតែរឹងទទឺងទៀត មានតែប្រើវិធានការណ៍យោធាតែមួយគត់ដើម្បីបណ្តេញសៀមឲ្យដកថយទៅវិញ។ តែមុននឹងចាត់វិធានការណ៍ក្តៅ ចាំបាច់កម្ពុជាត្រូវដំណើរការកសាងកម្លាំងទ័ព និងធ្វើទំនើបកម្មយុទ្ធសាស្ត្រឲ្យទំនើប និងខ្លាំងទាន់សម័យ។”

លោកបានបន្តថា បើខ្មែរយើងនៅតែខ្សោយជាងវា សៀមនៅតែមើលងាយខ្មែរយើង និងប្រមាថយើងគ្មានថ្ងៃឈប់ទេ។ តែបើមានកម្លាំងធៀបនឹងវា សៀមមិនមើលងាយខ្មែរយើងទេ ហើយការគំរាមកំហែងពីសៀមក៏មិនអាចមានដោយងាយៗដែរ។
លោកក៏បានលើកឡើងពីការប្រកាសរបស់សៀមដែលថាខ្លួនមិនដែលឈ្លានពានកម្ពុជា ដោយលោកមានប្រសាសន៍ថា៖ “សៀមចូលចិត្តនិយាយផ្ទុយការពិតនៅពេលដែលអន្តរជាតិបានដឹងការពិតរួចអស់ហើយ។ ការដែលសៀមនិយាយផ្ទុយការពិត កាន់តែធ្វើឲ្យអន្តរជាតិស្គាល់ក្រយ៉ៅសៀមកាន់តែច្បាស់។”

ក្នុងចំណោមចំណុចសំខាន់ៗទាំង ១០ លោកក៏បានលើកឡើងពីបញ្ហាទង់ជាតិសៀមដែលទាហានសៀមយកមកបោះនៅក្នុងដែនអធិបតេយ្យកម្ពុជា ដែលត្រូវដោះយកចោល និងការចូលមកក្នុងទឹកដីខ្មែររបស់សៀមដែលបានឈូសឆាយ ជីកលេណដ្ឋាន សាងសង់ផ្លូវ និងដាក់តាំងរូបដិមាព្រះពុទ្ធតាមរចនាបថសៀម។
លោកបានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះគឺជាអំពើខុសច្បាប់អន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាបន្តបន្ទាប់ តែសៀមធ្វើមិនដឹងមិនឮ។
ដោយ៖ លោក សុខ ឥសាន
