
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ចេញកំហឹងខ្លាំងចំពោះកាសែត Wall Street Journal បន្ទាប់ពីកាសែតនេះផ្សាយអត្ថបទវិចារណកថាមួយដែលមានចំណងជើងថា «អ៊ីរ៉ង់ចាត់ទុក ត្រាំ ជាមនុស្សចាញ់បោកគេ»។ លោកត្រាំបានស្តីបន្ទោសថា WSJ ជា «សារព័ត៌មានវង្វេងផ្លូវ» និង «កាកសំណល់នយោបាយ»។

នៅថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦ ប្រធានាធិបតីត្រាំបានបង្ហោះសារវែងមួយលើបណ្តាញសង្គម Truth Social ដើម្បីវាយបកទៅវិញ។ លោកបានចោទប្រកាន់ថា WSJ បានវង្វេងផ្លូវ និងលែងជាសារព័ត៌មានដែលចាំបាច់ត្រូវអានទៀត។

ក្នុងសាររបស់លោក ត្រាំបានលើកឡើងពីជោគជ័យយោធារបស់សហរដ្ឋអាមេរិកក្នុងការបំផ្លាញសមត្ថភាពយោធាអ៊ីរ៉ង់ រួមទាំងកងទ័ពជើងទឹក កងទ័ពអាកាស ប្រព័ន្ធប្រឆាំងយន្តហោះ និងមន្ទីរពិសោធន៍នុយក្លេអ៊ែរ។ លោកក៏បានរិះគន់អតីតប្រធានាធិបតី Barack Obama ដែលបានផ្តល់ជំនួយហិរញ្ញវត្ថុដល់អ៊ីរ៉ង់។

ត្រាំបានបញ្ជាក់ថា អ៊ីរ៉ង់កំពុងខាតបង់ប្រាក់ជាង៥០០លានដុល្លារក្នុងមួយថ្ងៃ ដោយសារការបិទខ្ទប់ច្រកសមុទ្រ Hormuz ដោយសហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនអាចចាត់ទុកលោកជាមនុស្សចាញ់បោកបានទេ ដោយសារតែលទ្ធផលយោធាដែលលោកបានសម្រេច។

អត្ថបទ៖ សុខ សុវណ្ណ
