រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្វ័យសេវា NSSF Self Service ចំនួន ៣២ គ្រឿង ដើម្បីបង្កើនល្បឿនការផ្តល់សេវាដល់សមាជិកប.ស.ស.។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២២ ខែមេសា ថា ម៉ាស៊ីនស្វ័យសេវាទាំងនេះត្រូវបានដាក់បំពាក់នៅតាមបណ្តាមន្ទីរពេទ្យជាតិចំនួន ១២ កន្លែង។

លោកថ្លែងថា៖ «ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្វ័យសេវា NSSF នេះ គឺជាជំហានសំខាន់ក្នុងការពន្លឿនផ្តល់សេវាសាធារណៈឱ្យកាន់តែលឿន រហ័ស មានតម្លាភាព និងងាយស្រួលសម្រាប់សមាជិកប្រើប្រាស់សេវាប.ស.ស.។ ប្រព័ន្ធនេះមិនត្រឹមតែជួយកាត់បន្ថយពេលវេលារង់ចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ការការក្លែងបន្លំ និងធានាថាសមាជិកប.ស.ស. ទទួលបានសេវាត្រឹមត្រូវតាមលំដាប់ផងដែរ»។

បើតាមការបញ្ជាក់ពីក្រសួងការងារ ម៉ាស៊ីនស្វ័យសេវា NSSF Self Service មានសារៈប្រយោជន៍ជាច្រើនរួមមាន៖ សមាជិកអាចព្រីនទម្រង់ប្រាស់សេវាដោយខ្លួនឯង សេវាលឿនរហ័ស កាត់បន្ថយការក្លែងបន្លំ និងធានាការទទួលសេវាតាមលំដាប់លំដោយ។

ប្រព័ន្ធថ្មីនេះនឹងជួយសមាជិកប.ស.ស. ក្នុងការទទួលសេវាសុខាភិបាលបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ធ្វើការចុះឈ្មោះម្តងទៀត និងផ្តល់ភាពងាយស្រួលដល់ការទូទាត់។
