ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅសណ្ឋាគារ និងកាស៊ីណូ «TITANKING» ក្នុងក្រុងបាវិត កាលពីរសៀលថ្ងៃទី២០ មេសា ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។ ការសម្របសម្រួលមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត។

យោងតាមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោយទទួលបានព័ត៌មានអំពីបទល្មើស កម្លាំងសមត្ថកិច្ចបានចុះសហការត្រួតពិនិត្យ និងបង្រ្កាបទីតាំងសង្ស័យដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លទ្ធផលបានរកឃើញមានពាក់ព័ន្ធបទល្មើសចំនួន២បន្ទប់ និងឃាត់ខ្លួនជនសង្ស័យ២៣នាក់ (ស្រី២នាក់)។

ក្នុងប្រតិបត្តិការនេះ នគរបាលបានដកហូតវត្ថុតាងជាច្រើន រួមមាន៖ កុំព្យូទ័រ កំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងសម្ភារមួយចំនួនទៀត។

ជនសង្ស័យទាំង២៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមច្បាប់។

ប្រតិបត្តិការនេះបង្ហាញពីការតស៊ូរបស់អាជ្ញាធរក្នុងការបង្ក្រាបបទល្មើសអនឡាញ ដែលកំពុងកើនឡើងនៅក្នុងសង្គម។

ដោយ៖ សុថាន
