ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានស្វាគមន៍ការសម្រេចចិត្តរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្រោមការដឹកនាំរបស់លោកប្រធានាធិបតី មីង អោងឡាំង ក្នុងការលើកលែងទោសជនជាតិមីយ៉ាន់ម៉ាជាង៤,០០០នាក់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ក្នុងចំណោមអ្នកដែលទទួលបានការលើកលែងទោសនេះ រួមមានអតីតប្រធានាធិបតីលោក U Win Myint និងលោកស្រី អ៊ុង សាន ស៊ូជី ដែលទទួលបានការបន្ធូរបន្ថយទោស។ សេចក្តីសម្រេចនេះត្រូវបានចេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
ក្រសួងការបរទេសកម្ពុជាបានចាត់ទុកជំហាននេះថាជាការវិវត្តវិជ្ជមានដ៏សំខាន់មួយ ដែលស្របនឹងការរំពឹងទុករបស់អាស៊ាន និងជួយបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា និងការផ្សះផ្សាជាតិ។ កម្ពុជាបានបង្ហាញពីការចង់ឃើញជំហានវិជ្ជមានបន្ថែមទៀត ដែលអាចកសាងទំនុកចិត្ត និងជំរុញដំណើរសន្តិភាព។
កម្ពុជាបានបង្ហាញសុទិដ្ឋិនិយមចំពោះការវិវត្តនៅមីយ៉ាន់ម៉ា និងសង្ឃឹមថា ភាគីទាំងអស់អាចធ្វើការរួមគ្នាឆ្ពោះទៅរកការឈប់បាញ់ទូទាំងប្រទេស និងការផ្សះផ្សាជាតិ។ ក្នុងន័យនេះ កម្ពុជាបានប្តេជ្ញាធ្វើការរួមគ្នាជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដោយផ្អែកលើធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងកុងសង់ស៊ុសប្រាំចំណុច (៥PC) ដើម្បីជួយឱ្យមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
ដំណើរការនយោបាយនេះត្រូវតែមានលក្ខណៈបរិយាបន្ន ដឹកនាំ និងម្ចាស់ការដោយប្រទេសមីយ៉ាន់ម៉ាផ្ទាល់ ដែលជាគោលការណ៍សំខាន់នៃកិច្ចព្រមព្រៀងអាស៊ាន។
ដោយ៖ តារា
