នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការពន្យារពេលកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់។ លោកបញ្ជាក់ថា ការសម្រេចចិត្តនេះបានធ្វើឡើងតាមសំណើផ្ទាល់របស់ប៉ាគីស្ថាន។

ក្នុងសារលិខិតមួយ លោក Sharif បានអរគុណលោកត្រាំដែលយោគយល់ និងទទួលយកសំណើបន្តសន្តិភាពបណ្តោះអាសន្ននេះ។ លោកក៏បានអំពាវនាវឲ្យគ្រប់ភាគីគោរពការឈប់បាញ់ និងបន្តចរចាដើម្បីសន្តិភាពពិតប្រាកដ។
ទោះជាយ៉ាងណា អ៊ីរ៉ង់មិនពេញចិត្តនឹងការសម្រេចចិត្តនេះទេ។ លោក Mehdi Mohammadi ទីប្រឹក្សាប្រធានសភាអ៊ីរ៉ង់ បានរិះគន់ថា ការពន្យារពេលនេះគ្មានន័យអ្វីសម្រាប់ពួកគេ។ លោកបានបន្ថែមថា អ៊ីរ៉ង់ត្រូវតែចាត់វិធានការម៉ឺងម៉ាត់។

មន្ត្រីអ៊ីរ៉ង់បានចោទប្រកាន់ថា សកម្មភាពអាមេរិកគ្រាន់តែជាល្បិចទិញពេលវេលាសម្រាប់ត្រៀមខ្លួនបើកការវាយប្រហារ។ សភាពកាន់តែតានតឹងឡើង បន្ទាប់ពីអ៊ីរ៉ង់សម្រេចឈប់ចរចាជាមួយអាមេរិក ខណៈការពិភាក្សានៅអ៊ីស្លាម៉ាបាដត្រូវពន្យារពេលដោយគ្មានកាលកំណត់។
