
ភ្នំពេញ – នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញមុខដាក់បញ្ជាក់យ៉ាងច្បាស់ទៅកាន់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្រោយពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកចូលក្នុងទឹកដីថៃ បង្កឱ្យមានភាពភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋជាបន្ទាន់។

ក្នុងសន្និសីទកាសែតនៅក្រសួងមហាផ្ទៃ នាថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ “ខ្ញុំទទួលយកការបកស្រាយរបស់ភាគីមីយ៉ាន់ម៉ាថា ការប្រយុទ្ធគ្នានេះគឺជារឿងក្នុងប្រទេសរបស់ពួកគេ ហើយគ្មានចេតនាបំពានចូលដីថៃទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានប្រាប់ពួកគេយ៉ាងច្បាស់ថា លើកក្រោយការប្រយុទ្ធគ្នាមិនត្រូវឱ្យរាលដាលឆ្លងចូលក្នុងទឹកដីថៃទៀតឡើយ។”
ហេតុការណ៍នេះកើតឡើងកាលពីដើមសប្តាហ៍នេះ នៅពេលយន្តហោះចម្បាំងប្រភេទ Yak-130 និង MiG-29 របស់កងទ័ពអាកាសមីយ៉ាន់ម៉ា បានវាយប្រហារតាមអាកាសទៅលើមន្ទីរពេទ្យមួយកន្លែងរបស់ក្រុមឧទ្ទាមការ៉ែន (KNU) នៅក្នុងក្រុង Bue So រដ្ឋការ៉ែន។
ក្នុងប្រតិបត្តិការនោះ យន្តហោះទាំងនោះបានទម្លាក់គ្រាប់បែកចំនួន ៩គ្រាប់ ដោយមានគ្រាប់បែកមួយគ្រាប់បានធ្លាក់ទៅលើទឹកដីថៃ ត្រង់តំបន់មាត់ទន្លេ Salween ក្បែរភូមិ Mae Sam Laep ខេត្ត Mae Hong Son ដែលមានចម្ងាយត្រឹមតែ ៥០០ម៉ែត្រពីព្រំដែនប៉ុណ្ណោះ។
ការផ្ទុះគ្រាប់បែកបានបង្កឱ្យមានភាពភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋថៃដែលរស់នៅក្បែរនោះយ៉ាងខ្លាំង រហូតធ្វើឱ្យពួកគេនាំគ្នារត់ភៀសខ្លួនដើម្បីសុវត្ថិភាព។
ជាការឆ្លើយតប ក្រសួងមហាផ្ទៃថៃបានចេញបញ្ជាបន្ទាន់ឱ្យខេត្តចំនួន៤ជាប់ព្រំដែនមីយ៉ាន់ម៉ា រួមមាន Mae Hong Son, Chiang Mai, Chiang Rai និង Tak ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងឃ្លាំមើលសភាពការណ៍២៤ម៉ោងលើ២៤ម៉ោង។
លើសពីនេះ ក្រសួងបានបញ្ជាឱ្យអង្គភាពពាក់ព័ន្ធទាំងឡាយត្រូវពង្រឹងវិធានការសន្តិសុខ បង្កើនការល្បាត ពិនិត្យច្រកព្រំដែន និងតាមដានបើសិនជាសង្កេតឃើញបុគ្គលសង្ស័យ ជាពិសេសជនបរទេស។
