
ក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តកាំពីរស្រុកចិត្របុរី ខេត្តក្រចេះ បានឃាត់រថយន្តដឹកទំនិញចំនួន២គ្រឿងនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ដោយសង្ស័យមានការដឹកលើសទម្ងន់។ ក្រោយពីមានការជជែកគ្នាអស់រយៈពេលជាច្រើនម៉ោង រថយន្តទាំងពីរត្រូវបានដោះលែងវិញដោយមិនបានចូលស្ថានីយថ្លឹង។
លោក ពេជ្រ គណនា ប្រធានជញ្ជីង បានបញ្ជាក់ថា ក្រុមរបស់លោកចុះទៅឃាត់ពិតមែន ហើយដោយមានការអនុគ្រោះពីក្រសួងចំពោះរថយន្តដឹកកសិផល។ រថយន្តប្រភេទនេះអាចដឹកចន្លោះពី៤៥ទៅ៦០តោន រយៈពេលពីរខែ ចាប់ពីថ្ងៃទី៧មេសា ដល់ថ្ងៃទី៦មិថុនា ឆ្នាំ២០២៦។

ប្រភពមួយបានឲ្យដឹងថា ក្នុងការដោះលែងរថយន្តនេះមានការឲ្យលុយជាច្រើនផងដែរ។ ទោះជាយ៉ាងណា លោកប្រធានជញ្ជីងបានបញ្ជាក់ថា មិនបានជម្រិត ឬទារលុយពីម្ចាស់រថយន្តនោះទេ ដោយគ្រាន់តែក្រុមការងារឲ្យរថយន្តជូនជាបាយទឹកតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងករណីនេះ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឆ្លើយថាមិនបានដឹងរឿងនេះទេ និងបានរុញឲ្យទៅសួរប្រធានជញ្ជីងវិញ។

នៅខេត្តក្រចេះ មានស្ថានីយថ្លឹងជញ្ជីងអចល័តចំនួន២កន្លែង គឺនៅកាំពីផ្លូវជាតិលេខ៧ ស្រុកចិត្របុរី និងមានជ័យ ស្រុកស្នួល។
អត្ថបទ៖ ប្រុញ វិធិន
