ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកគងពិសីបានឃាត់ខ្លួនក្មេងទំនើងចំនួន៣នាក់ ក្រោយពួកគេបានបង្ហោះវីដេអូសកម្មភាពជិះម៉ូតូបង្ហោះដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងតំបន់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧:១៥នាទីព្រឹកថ្ងៃទី២១ខែមេសា ឆ្នាំ២០២៦ នៅពេលកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគងពិសីបានស្រាវជ្រាវតាមបណ្តាញសង្គមហ្វេសប៊ុក និងឃើញគណនីឈ្មោះ LI PU បានបង្ហោះវីដេអូសកម្មភាពគ្រោះថ្នាក់។

ក្មេងទំនើងទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួនមាន៖
១. កេង វត្ថា (ហៅវ័ន) អាយុ១៨ឆ្នាំ ជាអ្នកលើកម៉ូតូបង្ហោះ និងជាម្ចាស់ហ្វេសប៊ុក LI PU
២. យិន វាសនា (ហៅថាត់) អាយុ១៨ឆ្នាំ ជាអ្នកអង្គុយកណ្តាល
៣. នៅ សុម៉ាធីណា (ហៅធ្មេញ) ជាអ្នកជិះម៉ូតូឌុប និងថតវីដេអូ

ក្រៅពីនេះ នៅមានសមាជិកពីរនាក់ទៀតដែលបានរត់គេចខ្លួន គឺយុទ្ធ (អាយុ១៧ឆ្នាំ) និងនឹក (អាយុ១៦ឆ្នាំ)។ ក្រុមក្មេងទាំងនេះបានប្រើម៉ូតូម៉ាកហុងដាឌ្រីមសង់១២៥ ឆ្នាំ២០២៥ ពណ៌ខ្មៅគ្មានស្លាកលេខ។
បន្ទាប់ពីឃាត់ខ្លួន ក្មេងទំនើងទាំង៣នាក់ត្រូវបានអនុវត្តវិធានការដូចជា៖ កោសក់ពុះជើងក្អែក ធ្វើពលកម្មតាមដងផ្លូវ អប់រំធ្វើកិច្ចសន្យា ប្រគល់ជូនឪពុកម្តាយយកទៅអប់រំបន្ត និងរក្សាវត្ថុតាងម៉ូតូទុករយៈពេល៩០ថ្ងៃ។
