ពូទីនបង្ហើបថា ដឹងពីរបៀបចប់សង្គ្រាម ប៉ុន្តែមិនប្រាប់សាធារណៈទេ

ពូទីនបង្ហើបថា ដឹងពីរបៀបចប់សង្គ្រាម ប៉ុន្តែមិនប្រាប់សាធារណៈទេ

ពូទីន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានអូសបន្លាយពេលជាង៤ឆ្នាំមកហើយ នៅតែបន្តដោយភាគីទាំងសងខាងមិនទាន់មានសញ្ញាបន្ថយកម្លាំងឡើយ។ ក្នុងពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហើបថា លោកដឹងច្បាស់ពីរបៀបដែលសង្គ្រាមនេះនឹងបញ្ចប់ ប៉ុន្តែមិនចង់ប្រាប់ជាសាធារណៈទេ។

ក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងមូស្គូ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកពូទីនបានថ្លែងយ៉ាងច្បាស់ថា៖ «ឥឡូវសត្រូវមានតែរង់ចាំមើលថាតើត្រូវរៀបចំខ្លួនសម្រាប់ជ័យជម្នះរបស់រុស្ស៊ីយ៉ាងដូចម្តេចតែប៉ុណ្ណោះ អ៊ីចឹងយើងចាំមើលទាំងអស់គ្នា»។

ហ្សេលេនស្គី

លោកពូទីនបានបញ្ជាក់បន្ថែមថា សកម្មភាពយោធាគឺជារឿងស្មុគស្មាញ និងគ្រោះថ្នាក់បំផុត។ «រុស្ស៊ីដឹងថាអ្វីៗនឹងបញ្ចប់ទៅដោយរបៀបណា ប៉ុន្តែនឹងមិនធ្វើការថ្លែងការណ៍ជាសាធារណៈអំពីរឿងនេះឡើយ។ រុស្ស៊ីគ្រាន់តែខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវគោលដៅដែលខ្លួនកំណត់ទុកប៉ុណ្ណោះ»។

ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហោះសារវែងលើបណ្តាញសង្គម ដោយអះអាងថា លោកពូទីនមិនអាចសម្រេចបានគោលដៅរបស់គាត់សោះឡើយ។

លោកហ្សេលេនស្គីបានលើកឡើងថា៖ «ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក យើងបានការពារឯករាជ្យភាពរបស់យើង យើងមិនបានបាត់បង់រដ្ឋរបស់យើងឡើយ ហើយលោក ពូទីន ក៏មិនបានសម្រេចនូវគោលដៅរបស់គាត់ដែរ។ គាត់មិនអាចបំបាក់ស្មារតីជនជាតិអ៊ុយក្រែនបានទេ ហើយគាត់ក៏មិនបានឈ្នះសង្គ្រាមនេះដែរ»។

សង្គ្រាមនេះបានចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២២ ដោយរុស្ស៊ីអះអាងថា ការពង្រីកខ្លួនរបស់អង្គការណាតូឆ្ពោះទៅទិសខាងកើត គឺជាការគំរាមកំហែងសន្តិសុខរបស់ពួកគេ។ រុស្ស៊ីបានទាមទារឲ្យមានការធានាថា អ៊ុយក្រែននឹងមិនចូលរួមក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកនេះជាដាច់ខាត។

រហូតមកដល់ពេលនេះ សង្គ្រាមបានធ្វើឲ្យមានជនរងគ្រោះរាប់សែននាក់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់។

administrator

Related Articles