អាមេរិកជិតអស់គ្រាប់មីស៊ីលការពារអាកាស ៥០% ក្រោយសង្គ្រាមអ៊ីរ៉ង់

អាមេរិកជិតអស់គ្រាប់មីស៊ីលការពារអាកាស ៥០% ក្រោយសង្គ្រាមអ៊ីរ៉ង់

ភ្នំពេញ – ក្រសួងការពារជាតិអាមេរិកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីឃ្លាំងអាវុធសំខាន់ៗបានស្រកចុះជិត ៥០% ក្រោយសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបង្កើតហានិភ័យយោធាធំមួយសម្រាប់សហរដ្ឋអាមេរិក។

គ្រាប់មីស៊ីលអាមេរិក

យោងតាមរបាយការណ៍ផ្ទៃក្នុងដែល CNN បានចុះផ្សាយ ក្នុងរយៈពេលត្រឹមតែ ៧ សប្តាហ៍នៃសង្គ្រាម អាមេរិកបានប្រើប្រាស់អស់គ្រាប់មីស៊ីលវាយប្រហាររហូតដល់ ៤៥% និងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារ THAAD ជិតពាក់កណ្តាល។ ជាពិសេស គ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារអាកាស Patriot ត្រូវបានប្រើប្រាស់អស់ជិត ៥០%។

អ្នកជំនាញយោធាបានព្រមានថា ស្ថានភាពនេះបង្កើត«ហានិភ័យក្នុងរយៈពេលខ្លី» ដែលអាមេរិកអាចនឹងខ្វះខាតអាវុធសំខាន់ៗ ប្រសិនបើមានជម្លោះថ្មីផ្ទុះឡើងក្នុងពេលឆាប់ៗនេះ។ ជាពិសេស ការត្រៀមខ្លួនទប់ទល់នឹងមហាអំណាចដូចជាប្រទេសចិន អាចនឹងជួបការលំបាកយ៉ាងខ្លាំង។

ទោះបីជាមន្ទីរបញ្ចកោណបានចុះកិច្ចសន្យាពង្រីកការផលិតក៏ដោយ ក៏អ្នកជំនាញបានបង្ហាញថា ត្រូវចំណាយពេលពី ៣ ទៅ ៥ ឆ្នាំ ទើបអាចផលិតគ្រាប់ទាំងនោះមកបំពេញក្នុងស្តុកឲ្យបានដូចដើមវិញ។

ប្រព័ន្ធការពារអាកាស

អ្នកវិភាគបានលើកឡើងថា បច្ចុប្បន្នអាមេរិកនៅតែមានគ្រាប់បែក និងមីស៊ីលគ្រប់គ្រាន់សម្រាប់បន្តប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែចំនួនគ្រាប់ដែលនៅសេសសល់មិនមានកម្រិតខ្ពស់គ្រប់គ្រាន់សម្រាប់ប្រឈមមុខនឹងសង្គ្រាមទ្រង់ទ្រាយធំជាមួយប្រទេសចិនឡើយ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញភាពជឿជាក់ថា អាមេរិកមិនមានការខ្វះខាតអាវុធឡើយ ទោះបីជាលោកបានស្នើសុំថវិកាបន្ថែមសម្រាប់ទិញគ្រាប់មីស៊ីលក៏ដោយ។ លោកបានបញ្ជាក់ថា ការស្នើសុំនេះគឺដើម្បីធានាថាអាមេរិកនៅតែស្ថិតក្នុងចំណុចកំពូលជានិច្ច។

យ៉ាងណាមិញ សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយលើកឡើងថា ខណៈដែលអ៊ីរ៉ង់មានសមត្ថភាពផលិតដ្រូន និងមីស៊ីលបានយ៉ាងច្រើន សំណួរដ៏សំខាន់នោះគឺថា តើអាមេរិកនឹងអាចទៅរកគ្រាប់មីស៊ីលការពារអាកាសពីណាមកបំពេញបន្ថែមឲ្យទាន់ពេលវេលា?

administrator

Related Articles