អង់គ្លេសបានធ្វើជាប្រទេសថ្មីបង្កើតច្បាប់ប្រឆាំងនឹងការជក់បារី ដោយសភាទាំងពីរថ្នាក់បានអនុម័តច្បាប់ហាមឃាត់ការលក់បារីដល់អ្នកដែលកើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ (បច្ចុប្បន្នអាយុ១៧ឆ្នាំ) ពីការទិញបារីពេញមួយជីវិត។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសង្គមកិច្ច លោក Wes Streeting បានហៅវិធានការនេះថា «ពេលវេលាប្រវត្តិសាស្ត្រសម្រាប់សុខភាពជាតិ» ដែលនឹងនាំទៅរកជំនាន់ដំបូងគេដែលគ្មានផ្សែងបារី។
«ការបង្ការគឺប្រសើរជាងការព្យាបាល» លោក Streeting បានបញ្ជាក់ ដោយអះអាងថាកំណែទម្រង់នេះនឹងជួយសង្គ្រោះជីវិត បន្ធូរបន្ថយសម្ពាធលើសេវាសុខភាពជាតិ (NHS) និងកសាងប្រទេសអង់គ្លេសឲ្យមានសុខភាពល្អជាងមុន។

នៅពេលដែលច្បាប់នេះទទួលបានការយល់ព្រមពីព្រះមហាក្សត្រ វានឹងផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការពង្រីកការហាមឃាត់ការជក់បារីទៅកាន់កន្លែងក្រៅផ្ទះដូចជាសួនកុមារ តំបន់ខាងក្រៅសាលារៀន និងមន្ទីរពេទ្យ។
លោកស្រី Hazel Cheeseman នាយកអង្គការ ASH បានពោលថា នេះគឺជា «ចំណុចរបត់ដ៏សំខាន់សម្រាប់សុខភាពសាធារណៈ»។

គួរបញ្ជាក់ថា នូវែលសេឡង់ធ្លាប់ជាប្រទេសដំបូងគេដែលអនុម័តច្បាប់បែបនេះក្នុងឆ្នាំ២០២២ ប៉ុន្តែត្រូវបានលុបចោលក្នុងឆ្នាំ២០២៣។ ប្រទេសម៉ាល់ឌីវក៏មានច្បាប់ស្រដៀងគ្នាដែរ។
