រាជធានីភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីជូនដំណឹងយ៉ាងរឹងមាំទៅកាន់សារព័ត៌មាន The Wall Street Journal ដោយទាមទារឲ្យលុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់ និងចេញការកែតម្រូវផ្លូវការ។

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការមិនយល់ស្របយ៉ាងខ្លាំងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ចំពោះការប្រើប្រាស់ពាក្យដែលចាត់ទុកថាប្រមាថមើលងាយប្រទេសកម្ពុជាក្នុងអត្ថបទរបស់ The Wall Street Journal។
ឯកឧត្តមបានពន្យល់ថា៖ “បញ្ហាការឆបោកតាមអនឡាញគឺជាបញ្ហាសកលដែលប្រទេសទាំងអស់កំពុងប្រយុទ្ធប្រឆាំង។ ការដាក់ឈ្មោះបង្ខូចកេរ្តិ៍ឈ្មោះប្រទេសដែលមានប្រជាជនជិត១៨លាននាក់នេះ គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសជាតិសាសន៍។”

ក្នុងអត្ថបទចុះផ្សាយនៅថ្ងៃទី១៩ មេសា ឆ្នាំ២០២៦ សារព័ត៌មាន The Wall Street Journal ត្រូវបានគេចាត់ទុកថាបានបង្ហាញពីកង្វះវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ និងការរើសអើង។
គណៈកម្មាធិការសិទ្ធិមនុស្សបានស្នើសុំចំណុចសំខាន់ៗដូចខាងក្រោម៖
១. លុបពាក្យ “Scambodia” ចេញពីអត្ថបទជាបន្ទាន់
២. ចេញការកែតម្រូវឬការបំភ្លឺផ្លូវការ
៣. ចៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅពេលអនាគត
៤. ធ្វើការសុំទោសជាផ្លូវការ
៥. កែសម្រួលចំណងជើងឡើងវិញ

ឯកឧត្តមកែវ រ៉េមីបានគូសបញ្ជាក់ថា៖ “សេរីភាពសារព័ត៌មានមានតួនាទីសំខាន់នៅក្នុងសង្គម ប៉ុន្តែត្រូវតែអនុវត្តដោយការទទួលខុសត្រូវ និងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល។ ការប្រើប្រាស់ពាក្យប្រមាថមើលងាយប្រទេសមួយ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។”
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា
