រាជធានីភ្នំពេញ៖ ស្ត្រីវ័យ៤៣ឆ្នាំម្នាក់កំពុងរស់នៅក្នុងភាពភ័យរន្ធត់ ក្រោយពីប្ដីក្មេងវ័យ២៧ឆ្នាំប្រើអំពើហិង្សាវាយដំរហូតធ្វើឲ្យនាងរលូតកូនក្នុងផ្ទៃអាយុ៥ខែ ថែមទាំងបន្តវាយធ្វើបាបជាបន្តបន្ទាប់ទៀតផង ។

ស្ត្រីរូបនោះឈ្មោះនួន ស្រីហ៊ុច អាយុ៤៣ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានរៀបរាប់ថា នាងមានសុភមង្គលជាមួយប្ដីមុន មានកូនប្រុស៣នាក់ និងចៅ៤នាក់ ប៉ុន្តែប្ដីមុនបានស្លាប់ដោយជំងឺលើសឈាម ។ បន្ទាប់ពីនៅមេម៉ាយបាន៤ឆ្នាំ ក្នុងឆ្នាំ២០២២ នាងបានស្គាល់បុរសឈ្មោះរឿង សុីណែត អាយុ២៧ឆ្នាំ តាមរយៈបណ្ដាញសង្គមFacebook ហើយក៏យកគ្នាជាប្ដីប្រពន្ធ ប៉ុន្តែពុំបានរៀបការតាមប្រពៃណីឡើយ ។ ពួកគេបានរស់នៅជាមួយគ្នានៅឯខេត្តតាកែវ អស់រយៈពេល៤ឆ្នាំមកហើយ ។

នាងបានបន្តថា នាងគោរពប្រតិបត្តិប្ដីខ្លាំងណាស់ ប៉ុន្តែក្រោយពេលនាងមានផ្ទៃពោះបាន៥ខែ ស្រាប់តែប្ដីប្ដូរចរិតពីស្លូតមកកាចសាហាវ ដោយចោទប្រច័ណ្ឌរករឿងនាងថាមានគូរក្រៅ ទាំងដែលនាងមិនដែលប្រព្រឹត្តអំពើផិតក្បត់អ្វីសោះ ។ ប្ដីបានវាយធ្វើបាបនាងរាល់ថ្ងៃ រហូតធ្វើឲ្យនាងរលូតកូន ហើយបន្តវាយនាងជាបន្តបន្ទាប់ទៀត មិនចាត់ទុកនាងជាមនុស្សឡើយ ។ នាងភ័យខ្លាចប្ដីកំណាចរូបនេះខ្លាំងណាស់ ។

ដោយមិនអាចអត់ទ្រាំបានតទៅទៀត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នាងបានរត់គេចពីផ្ទះនៅខេត្តតាកែវ មកស្នាក់នៅផ្ទះជួលតំបន់ចោមចៅ រាជធានីភ្នំពេញ ។ ប្ដីក៏តាមមករក និងបានយកបង្វិចខោអាវនាងទៅបាត់ ដើម្បីឲ្យនាងតាមទៅផ្ទះវិញ តែនាងមិនព្រមទៅឡើយ ព្រោះខ្លាចវាយធ្វើបាបទៀត ។

នាងមិនហ៊ានទៅដាក់ពាក្យប្ដឹងនៅនគរបាលស្រុកគីរីវង់ ខេត្តតាកែវទេ ព្រោះខ្លាចប្ដីដឹងឃាត់នាងទុកនៅផ្ទះវាយដំបន្តទៀត ។ ទើបនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នាងបានទៅសាលាសង្កាត់ចោមចៅទី៣ ដើម្បីពឹងអ្នកកាសែតឲ្យជួយផ្សព្វផ្សាយដំណឹងនេះជាសាធារណៈ ដើម្បីឲ្យអាជ្ញាធរខេត្តតាកែវជួយអន្តរាគមន៍ចាត់ការប្ដីនាងតាមច្បាប់ផង ៕
