ប្រទេសម៉ាឡេស៊ី ៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតស្រោមអនាម័យធំជាងគេបំផុតរបស់ពិភពលោក Karex បានឱ្យដឹងថា ក្រុមហ៊ុននឹងដំឡើងថ្លៃផលិតផលរបស់ខ្លួនពី ២០% ទៅ ៣០% ឬអាចច្រើនជាងនេះ ប្រសិនបើសង្គ្រាមអ៊ីរ៉ង់នៅតែបន្តរំខានដល់ការផ្គត់ផ្គង់វត្ថុធាតុដើម ដែលប្រើសម្រាប់ការផលិត។ នេះបើតាមប្រភពពី BBC បានចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
លោក Goh Miah Kiat នាយកប្រតិបត្តិក្រុមហ៊ុន Karex បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ថ្លៃដើមផលិតបានកើនឡើងខ្លាំង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់មក ដ្បិតក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីមួយនេះ បានផលិតជាង ៥ពាន់លានស្រោមអនាម័យនៅក្នុង ១ឆ្នាំ និងបានផ្គត់ផ្គង់ដល់ម៉ាកល្បីៗលំដាប់ពិភពលោកដូចជា Durex និង Trojan ក៏ដូចជាប្រព័ន្ធសុខាភិបាលរបស់រដ្ឋដូចជា NHS របស់ចក្រភពអង់គ្លេស និងកម្មវិធីជំនួយសកល ដំណើរការដោយអង្គការសហប្រជាជាតិ (UN) ជាដើម។
ការផ្គត់ផ្គង់ប្រេងសកលត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីអ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល តាមរយៈការបិទច្រកសមុទ្រហ័រមូស (Hormuz)។ ការបិទផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់នេះ បង្កការរំខានយ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រហែល ១ភាគ៥នៃប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោក។

ខណៈក្រុមហ៊ុន Karex បានពឹងផ្អែកខ្លាំងលើវត្ថុធាតុដើមមានប្រភពមកពីប្រេង រួមទាំងអាម៉ូញាក់ ដែលត្រូវបានប្រើជាសារធាតុរក្សាគុណភាពជ័រកៅស៊ូ (Latex) ឱ្យនៅល្អ និងប្រេងស៊ីលីកូន ដែលប្រើជាសារធាតុរំអិលសម្រាប់ស្រោមអនាម័យនីមួយៗ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters លោក Goh Miah Kiat បានឃើញការកើនឡើងតម្រូវការស្រោមអនាម័យប្រហែល ៣០% នៅឆ្នាំនេះ ប៉ុន្តែដោយសារការកើនឡើងថ្លៃដឹកជញ្ជូន និងការពន្យារពេលដឹកជញ្ជូន បានធ្វើឱ្យអតិថិជនជាច្រើនមានស្តុកតិចជាងធម្មតា។
លោក Goh បាននិយាយថា ស្ថានភាពនេះ ពិតជាផុយស្រួយណាស់ ព្រោះតម្លៃថ្លៃ ដូច្នេះក្រុមហ៊ុនគ្មានជម្រើសអ្វីក្រៅពីផ្តល់ជូនការលក់តាមថ្លៃដើមនៃការផលិតដែលកំពុងឡើងថ្លៃនៅពេលបច្ចុប្បន្នទៅឱ្យអតិថិជននោះទេ។ ការឡើងថ្លៃស្រោមអនាម័យបានបង្ហាញឱ្យឃើញពីឥទ្ធិពលនៃសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានរង្គោះរង្គើទីផ្សារថាមពលរបស់ពិភពលោករួចហើយ និងកំពុងជំរុញឱ្យតម្លៃទំនិញផ្សេងទៀតឡើងថ្លៃខ្ពស់ សម្រាប់អ្នកប្រើប្រាស់ផងដែរ។
