កណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីបញ្ជាក់ព័ត៌មានពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅតំបន់រង្វង់មូលលោកតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១:២០ ទាល់ភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលលោកតាខ្មៅ លើកំណាត់ផ្លូវជាតិលេខ ២ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ប្រភពពីសមត្ថកិច្ចជំនាញបានបញ្ជាក់ថា នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក LAND CRUISER ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2B-1808 បានបើកបរក្នុងល្បឿនលឿន ធ្វើដំណើរពីភ្នំពេញមកកាន់ក្រុងតាខ្មៅ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលចង្កូតបុកចូលរង្វង់មូលយ៉ាងពេញទំហឹង បណ្តាលឱ្យខូចខាតសម្ភារមួយចំនួនធំ។

គួរបញ្ជាក់ថា បន្ទាប់ពីបុករង្វង់មូលរួច អ្នកបើកបរមិនបានឈប់នៅកន្លែងកើតហេតុនោះទេ តែបានបើករត់គេចខ្លួនបាត់ទៅ។ ទោះយ៉ាងណា កម្លាំងល្បាតពេលយប់បានធ្វើអន្តរាគមន៍ឃាត់រថយន្តបាននៅត្រង់ចំណុចច្រកចូល K11 ភ្លាមៗ។

ចំពោះការខូចខាតសម្ភារ រួមមាន រថយន្ត Land Cruiser ០១គ្រឿងរងការខូចខាតធ្ងន់ ព្រមទាំងសម្ភារនៅលើរង្វង់មូលដូចជា បង់អង្គុយ ០១ និងជើងពានថ្ម ០១ ត្រូវបានបំផ្លាញខូចខាតផងដែរ។
នាពេលបច្ចុប្បន្ន រថយន្តខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់ និងអ្នកបើកបរ ដើម្បីអនុវត្តវិធានការផ្លូវច្បាប់។
មូលហេតុបឋមនៃគ្រោះថ្នាក់នេះ ត្រូវបានសន្និដ្ឋានថា បណ្ដាលមកពីការបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ចក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងជៀសផុតពីគ្រោះថ្នាក់ដែលមិននឹកស្មានដល់។
