លោក លី ធុជ ស្នើមូលនិធិចិនជួយជនពិការដោយសារមីននៅកម្ពុជា

លោក លី ធុជ ស្នើមូលនិធិចិនជួយជនពិការដោយសារមីននៅកម្ពុជា

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍ (CFPD) ពិចារណាជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

កិច្ចប្រជុំ

លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើបែបនេះ ខណៈលោកទទួលជួប លោកស្រី Wang Yahui នាយិកាមូលនិធិ CFPD និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។

កិច្ចពិភាក្សាការងារ

លោកស្រី Wang Yahui បានអរគុណលោកទេសរដ្ឋមន្រ្តី និងបានស្នើឱ្យអាជ្ញាធរមីនផ្តល់ការគាំទ្រ ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមនុស្សធម៌របស់មូលនិធិនៅកម្ពុជា។

លោកស្រី Wang Yahui បានបញ្ជាក់ថា CFPD ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ នៅទីក្រុងប៉េកាំង ផ្តោតលើការងារមនុស្សធម៌ និងមានទីស្នាក់ការនៅកម្ពុជាតាំងពីឆ្នាំ២០១៩ ដោយកំពុងជួយដល់សហគមន៍ក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។

ថ្នាក់ដឹកនាំថតរូបអនុស្សាវរីយ៍

តំណាងរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណ និងកោតសរសើរដល់សកម្មភាពមនុស្សធម៌របស់មូលនិធិ។ អាជ្ញាធរមីន និង CFPD បានប្តេជ្ញាសហការគ្នាលើសកម្មភាពមនុស្សធម៌ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា។

ដោយ៖ សំរិត

administrator

Related Articles