កាសែត Wall Street Journal (WSJ) កំពុងរងការរិះគន់ខ្លាំងពីសំណាក់អន្តរជាតិ ជុំវិញការផ្សាយអត្ថបទមួយចំនួនដែលត្រូវបានចាត់ទុកថាគ្មានវិជ្ជាជីវៈ និងផ្ទុយពីការពិត។ សូម្បីតែលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក៏ទ្រាំមិនបានដែរ ចេញមុខស្តីបន្ទោសយ៉ាងចាស់ដៃ។

មានករណីធំៗចំនួន៣ហើយ ដែលធ្វើឲ្យលោកត្រាំទ្រាំមិនបាន ដល់ថ្នាក់ស្តីឲ្យកប់ៗមាត់ទៅ WSJ។ ករណីទី១៖ អត្ថបទវិចារណកថារបស់អ្នកកាសែត Elliot Kaufman ដែលមានចំណងជើងថា «អ៊ីរ៉ង់ចាត់ទុក ត្រាំ ជាមនុស្សចាញ់បោកគេ»។ លោកត្រាំហៅអ្នកកាសែតរូបនេះថាជា «មនុស្សល្ងង់» និងអះអាងថាជាព័ត៌មានក្លែងក្លាយ ព្រោះលោកបានកម្ទេចកងទ័ពអាកាស កងទ័ពជើងទឹក និងមន្ទីរពិសោធន៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់អស់ទៅហើយ។
ករណីទី២៖ ករណីសំបុត្រនិងរូបភាពអាសអាភាសផ្ញើទៅ Jeffrey Epstein។ កាលពីពាក់កណ្តាលខែមេសាឆ្នាំ២០២៦ ចៅក្រមសហព័ន្ធបានទម្លាក់ចោលពាក្យបណ្ដឹងបរិហារកេរ្តិ៍ដែលលោកត្រាំប្ដឹងប្រឆាំងនឹង WSJ។ កាសែតនេះរាយការណ៍ថា លោកត្រាំធ្លាប់បានផ្ញើសំបុត្រនិងរូបភាពគំនូរអាសអាភាសទៅឲ្យ Epstein កាលពីឆ្នាំ២០០៣ តែលោកត្រាំចាត់ទុកថាជាការមួលបង្កាច់ទាំងស្រុង។

ករណីទី៣៖ ករណីទំនាក់ទំនងជាមួយសម្តេចប៉ាប និងរូបភាព AI។ WSJ បានរាយការណ៍ពីភាពចម្រូងចម្រាសដែលត្រាំបង្ហោះរូបភាព AI បង្ហាញពីរូបលោកជា «គ្រូពេទ្យ» ឬ «ព្រះយេស៊ូ» កំពុងព្យាបាលអ្នកជំងឺ។ WSJ និងសារព័ត៌មានដទៃបានរិះគន់ថាជារូបភាពបោកប្រាស់ដើម្បីទាក់ទាញអ្នកគាំទ្រសាសនា តែលោកត្រាំហៅការបកស្រាយនេះថាជា «Fake News» ដោយអះអាងថាគ្រាន់តែចង់បង្ហាញពីការគាំទ្រកាកបាទក្រហមប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោកត្រាំធ្លាប់បានពណ៌នា WSJ ថាជា «សារព័ត៌មានវង្វេងផ្លូវ» និង «កាកសំណល់នយោបាយ» ផងដែរ៕
