ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចបានដាក់ពិន័យដ៏តឹងរ៉ឹង និងទទួលបានទឹកប្រាក់សរុប ជាង ១.៧៤៤ ពាន់លានរៀល។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ពិន័យពីរផ្នែកធំៗ
បើតាមរបាយការណ៍ ការផាកពិន័យនេះបែងចែកជាពីរផ្នែក៖
- ទី១៖ ការផាកពិន័យលើការស្នាក់នៅខុសច្បាប់ (៤លានរៀល ក្នុងជនបរទេសម្នាក់) ទទួលបាន ១ពាន់៧២០លានរៀល ក្នុងនោះ ភ្នំពេញ ៩៥៦លានរៀល ព្រះសីហនុ ៦៦៨លានរៀល កណ្តាល ៦០លានរៀល មណ្ឌលគិរី ២០លានរៀល និងសៀមរាប ១៦លានរៀល។
- ទី២៖ ការផាកពិន័យលើការគ្រប់គ្រងប្រព័ន្ធសន្តិសុខ ទទួលបាន ២៤លានរៀល រួមមាន មណ្ឌលគិរី ៤០ម៉ឺនរៀល និងកណ្តាល ២៣,៦លានរៀល។

ត្រួតពិនិត្យជិត ២.៧ពាន់ទីតាំង
ចាប់ពីថ្ងៃទី៣ ដល់ទី២០ ខែមេសា សមត្ថកិច្ចបានចុះត្រួតពិនិត្យ ២.៦៩៦ទីតាំង មានមនុស្សពាក់ព័ន្ធ ២១.២៥៩នាក់។ រាជធានីភ្នំពេញមាន ១.០៤៥ទីតាំង តាកែវ ១.១០៨ទីតាំង ក្រចេះ ៣៤៥ទីតាំង ព្រះសីហនុ ៨៣ទីតាំង បន្ទាយមានជ័យ ៥៦ទីតាំង កំពង់ចាម ៣៧ទីតាំង ព្រមទាំងខេត្តផ្សេងទៀត។

លោក ស សុខា បង្ហាញឆន្ទៈអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ការរឹតបន្តឹងអនុក្រឹត្យលេខ០៣ មិនមែនធ្វើឡើងត្រឹមតែជាយុទ្ធនាការមួយគ្រានោះទេ ប៉ុន្តែជាកិច្ចការងារអាទិភាពដែលត្រូវអនុវត្តជាប្រចាំ ដើម្បីធានាការគ្រប់គ្រងជនបរទេស និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេសរួមចំណែកបោសសម្អាតបទល្មើសឆបោកតាមបច្ចេកវិទ្យា។

លោក ស សុខា ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបន្តសហការគ្នាជិតស្និទ្ធ និងដាស់តឿនយ៉ាងទទូចដល់ម្ចាស់ទីតាំងទាំងអស់ អនុវត្តកាតព្វកិច្ចរាយការណ៍វត្តមានជនបរទេស និងរៀបចំទីតាំងឱ្យស្របតាមអនុក្រឹត្យ០៣ ចៀសវាងទទួលរងការផាកពិន័យ និងទណ្ឌកម្មផ្លូវច្បាប់។

តើទីតាំងរស់នៅប្រមូលផ្ដុំមានអ្វីខ្លះ?
ទីតាំងស្នាក់នៅប្រមូលផ្តុំ រួមមាន បុរី ខុនដូ អាផាតមិន រីសត បឹងកាឡូ អគារសហកម្មសិទ្ធិ រោងចក្រ សហគ្រាស កសិដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស ផ្ទះសំណាក់ សណ្ឋាគារ អន្តេវាសិកដ្ឋាន វត្តអារាម វិហារសាសនា និងមណ្ឌលថែទាំកុមារកំព្រាជាដើម។

កាតព្វកិច្ច និងទណ្ឌកម្ម
ម្ចាស់ទីតាំងមានកាតព្វកិច្ចកត់ត្រាអ្នកស្នាក់នៅទាំងអស់ និងរាយការណ៍ទៅសមត្ថកិច្ច។ ករណីមានវត្តមានជនបរទេសស្នាក់នៅបណ្តោះអាសន្ន ត្រូវរាយការណ៍ក្នុងរយៈពេលយូរបំផុត ២៤ម៉ោង។

ការមិនអនុវត្តតាមអនុក្រឹត្យនេះ នឹងត្រូវផាកពិន័យ ៤លានរៀល ក្នុងជនបរទេសម្នាក់ (គុណតាមចំនួនជាក់ស្តែង) ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ។ ចំណែកអាជ្ញាធរមានសមត្ថកិច្ចដែលល្មើសនឹងត្រូវទទួលទណ្ឌកម្មវិន័យបណ្តេញចេញពីក្របខ័ណ្ឌ។



សូមបញ្ជាក់ថា ការអនុវត្តអនុក្រឹត្យលេខ០៣ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងការពារផលប្រយោជន៍ជាតិ។
