គំរោងបោកប្រាស់ថ្មី! អ្នកបោកប្រាស់អះអាងជាតំណាងអ៊ីរ៉ង់ ទារប្រាក់គ្រីបតូដើម្បីធានាសុវត្ថិភាពកប៉ាល់ឆ្លងច្រកសមុទ្រហរមូស

គំរោងបោកប្រាស់ថ្មី! អ្នកបោកប្រាស់អះអាងជាតំណាងអ៊ីរ៉ង់ ទារប្រាក់គ្រីបតូដើម្បីធានាសុវត្ថិភាពកប៉ាល់ឆ្លងច្រកសមុទ្រហរមូស

កប៉ាល់ដឹកជញ្ជូននៅច្រកសមុទ្រហរមូស

ភ្នំពេញ៖ ក្រុមហ៊ុនសន្តិសុខនាវាចរណ៍ជនជាតិក្រិក MARISKS បានចេញការព្រមានបន្ទាន់ដល់ម្ចាស់កប៉ាល់ដឹកជញ្ជូនទូទាំងពិភពលោក អំពីគំរោងបោកប្រាស់ថ្មីមួយដែលកំពុងរីករាលដាលនៅតំបន់ច្រកសមុទ្រហរមូស។

យោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អ្នកបោកប្រាស់ដែលអះអាងខ្លួនជាតំណាងអាជ្ញាធរអ៊ីរ៉ង់ បានផ្ញើសារទៅក្រុមហ៊ុនដឹកជញ្ជូនជាច្រើន ដោយសន្យាធានាសុវត្ថិភាពក្នុងការឆ្លងកាត់ច្រកសមុទ្រហរមូស ជាថ្នូរនឹងការបង់ប្រាក់តាមរយៈរូបិយប័ណ្ណឌីជីថលដូចជា Bitcoin ឬ Tether។

ផ្ទៃសមុទ្រហរមូស

ក្រុមហ៊ុន MARISKS បានសង្កត់ធ្ងន់ថា សារទាំងនេះគឺជាការបោកប្រាស់សុទ្ធសាធ ហើយមិនមែនមកពីអាជ្ញាធរអ៊ីរ៉ង់ពិតប្រាកដឡើយ។ ក្រុមហ៊ុនបានអំពាវនាវឱ្យម្ចាស់កប៉ាល់ទាំងអស់ប្រុងប្រយ័ត្ន និងមិនត្រូវជឿលើសារបែបនេះឡើយ។

បច្ចុប្បន្ននេះ កប៉ាល់ដឹកជញ្ជូនរាប់រយគ្រឿង និងនាវិកប្រហែល២ម៉ឺននាក់ នៅតែជាប់គាំងនៅឈូងសមុទ្រពែរ្ស ដោយសារស្ថានភាពតានតឹងនៅតំបន់នេះ។ ក្រុមហ៊ុន MARISKS បានរាយការណ៍ថា យ៉ាងហោចណាស់កប៉ាល់មួយគ្រឿង ដែលបានព្យាយាមចាកចេញពីច្រកហរមូសកាលពីថ្ងៃសៅរ៍មុន ហើយរងការបាញ់ប្រហារ គឺជាជនរងគ្រោះនៃសារបោកប្រាស់នេះឯង។

ច្រកសមុទ្រហរមូសគឺជាផ្លូវដឹកជញ្ជូនសំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងប្រហែល១ភាគ៥របស់ពិភពលោក។ សហរដ្ឋអាមេរិកនៅតែរក្សាការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានបើក ហើយបន្ទាប់មកក៏បានបិទច្រកសមុទ្រហរមូសឡើងវិញ។

administrator

Related Articles