ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តបានបញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន២នាក់ទៅកាន់តុលាការខេត្ត ក្រោយពីត្រូវឃាត់ខ្លួនពីបទលួចម៉ូតូនៅក្រុងបាវិត។

យោងតាមអាជ្ញាធរនគរបាល ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ង្វៀង វ៉ាំងយី អាយុ២៤ឆ្នាំ និង ច្រឹង យ៉ាំងវី អាយុ៣៥ឆ្នាំ ដែលទាំងពីរជាជនជាតិវៀតណាម មានសារធាតុញៀន (+) និងមិនមានមុខរបរច្បាស់លាស់។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង៩:៣០នាទី នៅពេលដែលជនរងគ្រោះភេទស្រី អាយុ២២ឆ្នាំ ដែលជាអ្នកបកប្រែ បានប្តឹងពីការលួចម៉ូតូ HONDA CLICK ពណ៌ស លេខផ្លាក 1G-6600 ពីខាងមុខផ្ទះជួលនាក្រុងបាវិត។
ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត ហើយនៅវេលាម៉ោង១១:៤៥នាទី បានប្រទះឃើញជនសង្ស័យទាំងពីរកំពុងជិះម៉ូតូ VISION ពណ៌ខ្មៅ។ នៅពេលឃើញកម្លាំងសមត្ថកិច្ច ជនសង្ស័យបានរត់គេចខ្លួន ដោយមានប្រជាពលរដ្ឋជួយដេញតាមរហូតដល់ពីក្រោយផ្សារអន្តរជាតិ។
ជនសង្ស័យបានជិះម៉ូតូបុកចូលទីតាំងលក់ដូរ ហើយត្រូវឃាត់ខ្លួននៅទីនោះ។ សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាងរួមមាន មួក២គ្រឿង ដបស្ព្រាយបាញ់ភ្នែក១ដប និងទូរស័ព្ទដៃ១គ្រឿង។
ជនសង្ស័យទាំងពីរត្រូវបាននាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ មុននឹងត្រូវបញ្ជូនទៅតុលាការខេត្តស្វាយរៀង។
ដោយ៖ សុថាន
