ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ១១នាក់ ដែលភាគច្រើនមានអាយុត្រឹមតែ ១៦-១៨ឆ្នាំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ១រសៀលថ្ងៃទី២១ មេសា ២០២៦ ដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ឧក្រិដ្ឋកម្មនេះបានកើតឡើងនៅថ្ងៃទី១៦ មេសា វេលាម៉ោង ៧:៣០យប់ នៅមុខហាងម៉ាស្សាយីហោម៉ាយូរ៉ា ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យបានប្រើដុំថ្ម មួកសុវត្ថិភាព ដៃ ជើង គប់ និងវាយលើរថយន្តម៉ាក AVATAR ០៧ ពណ៌ខ្មៅ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

ក្នុងចំណោមជនសង្ស័យទាំង ១១នាក់ មានសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ សិស្សវិទ្យាល័យវត្តភ្នំ កម្មករតម្លើងឧបករណ៍ហាត់ប្រាណ កម្មកររោងចក្រ និងអ្នកលក់ដូរជាច្រើនរូប។ ពួកគេទាំងអស់មានអាយុចន្លោះពី ១៦-១៨ឆ្នាំ។

សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ដុំថ្ម ៤ដុំ ស្លាកលេខរថយន្ត ១បន្ទះ និងសំបកដូរ ១។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅសាលាដំបូង ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ចំពោះបទចោទប្រកាន់ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស”។
