រាជធានីភ្នំពេញ៖ លោក ឃុំ ប៊ុណ្ណាដែត បានចេញមុខឆ្លើយតបការពារភរិយារបស់លោក គឺតារាចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា បន្ទាប់ពីមានការរិះគន់ពីមហាជនមួយចំនួនចំពោះរូបរាងរបស់នាង។

កាលពីថ្មីៗនេះ មាននារីម្នាក់បានចូលទៅធ្វើមតិក្រោមរូបភាពមួយរបស់អ្នកនាង យក់ ឋិតរដ្ឋា ដោយបានប្រើពាក្យចំៗថា «ជ្រូកមកហើយ» ដែលធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះមានការខឹងសម្បាយ៉ាងខ្លាំង។
អ្នកគាំទ្រអ្នកនាង យក់ ឋិតរដ្ឋា បានចាត់ទុកពាក្យសម្តីពីនារីខាងលើនេះគឺគ្មានសុជីវធម៌ និងមិនគិតឲ្យបានល្អិតល្អន់ ដោយសារតារាចម្រៀងស្រីរូបនេះមានគ្រួសារ និងមានកូនកំលោះទន្ទឹមខ្លួនហើយ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម លោក ឃុំ ប៊ុណ្ណាដែត បានលើកឡើងថា៖ «តាមមើលការ Comment របស់ប្អូន (ជ្រូកមកហើយ) ប្អូនក៏ជាមនុស្សស្រីដែរ តែបងក៏មិនដឹងប្អូនអាយុប៉ុន្មានដែរ។ តែបើថ្ងៃមុខពេលប្អូនមានវ័យ ៤០ ជាង ហើយមានកូនៗកំលោះ ថែមទាំងជិតមានកូនប្រសារទៀតដូចភរិយាខ្ញុំ ក៏ប្អូនរីករាយដែរ ហើយក៏ជាអ្វីដែលស្ត្រីគ្រប់រូបចង់បាន។»
លោកបន្តថា៖ «ការពិតខ្ញុំមិនចង់សរសេរអ្វីច្រើនទេ តែដោយសារវាដដែលៗពេក។ ចង់សួរអ្នកទៅវិញ ថាបើអ្នកអាចប្តូរបាន៖ ១.ជីវិតស្នេហា ២.សេចក្តីសុខគ្រួសារ ៣.ការទំនាក់ទង ៤.ការទទួលស្គាល់ក្នុងសង្គម ៥.ភាពថ្លៃថ្នូរក្នុងការនិយាយស្តី ៦.សីលធម៌ក្នុងការបញ្ចេញមតិក្នុងបណ្តាញសង្គម និងរឿងជាច្រើនទៀតដែលស្ត្រីជាច្រើនប្រាថ្នាចង់បានដូចភរិយាខ្ញុំ។»

លោកបានបញ្ចប់ដោយសង្កត់ធ្ងន់ថា៖ «ដូច្នេះខ្ញុំជំរាបជាចុងក្រោយថា មុនចូលទៅ Comment គេគួរមានសីលធម៌ និងសុជីវធម៌ក្នុងនាមជាខ្មែរ។»
ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេដែលលោក ឃុំ ប៊ុណ្ណាដែត បានចេញមុខប្រតិកម្ម និងការពារភរិយារបស់លោកពាក់ព័ន្ធនឹងការរិះគន់ពីមហាជនមួយចំនួនជុំវិញលើរូបរាងរបស់នាង។

កន្លងមក លោក ឃុំ ប៊ុណ្ណាដែត ធ្លាប់បានលើកឡើងថា ភរិយារបស់លោកអាយុច្រើន និងកូនធំអស់ទៀត ហេតុនេះរូបរាងគឺត្រូវតែមានការប្រែប្រួល ដែលនេះវាមិនខុសអ្វីពីមនុស្សទូទៅឡើយ។

យ៉ាងណាក៏ដោយ ទោះបីជាភរិយាប្រែប្រួលរូបរាងធាត់ក៏ដោយ លោកក៏នៅតែស្រឡាញ់ពេញចិត្ត ហើយអ្នកគាំទ្រភរិយាលោកជាច្រើនទៀតក៏នៅគាំទ្រទឹកដមសម្លេងរបស់ភរិយាលោកដដែល ដោយពួកគេមិនបានគិតច្រើនលើរូបរាងនោះឡើយ។


អត្ថបទសរសេរដោយ សុខ វាសនា
កែសម្រួលដោយ ធីតា
