ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី និងជារដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ លោក Matteo Salvini បានបញ្ជាក់ជាថ្មីចំពោះការអំពាវនាវរបស់លោក ឲ្យសហភាពអឺរ៉ុប (EU) វិលត្រឡប់ទៅទិញឧស្ម័នពីប្រទេសរុស្ស៊ីវិញ ដើម្បីការពារ «ការបិទខ្ទប់ថាមពល» នាបច្ចប្បន្ន។ នេះបើយោងតាមទីភ្នាកងារសារព័ត៌មាន tass បានចុះផ្សាយ នៅថ្ងៃទី១៩ មេសា។

ថ្លែងនៅក្នុងពិធីជួបជុំមួយនៅទីក្រុង Milan ក្នុងនាមជាមេដឹកនាំគណបក្សសម្ព័ន្ធ លោក Salvini បាននិយាយថា EU ត្រូវផ្តល់អាទិភាពដល់សន្តិសុខថាមពល និងលុបចោលការរឹតបន្តឹងលើការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ដើម្បីចៀសវាងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។
លោកក៏បានអំពាវនាវឲ្យមានការផ្អាកបទប្បញ្ញត្តិនៅក្នុងកតិកាសញ្ញាស្ថិរភាព និងកំណើន ហើយបានរិះគន់គោលនយោបាយកិច្ចព្រមព្រៀងបៃតង ដែលលោកហៅថា ជាឧបសគ្គដល់សេដ្ឋកិច្ច។
យោងតាមលោក Salvini ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ គួរតែត្រូវបានដឹកនាំឆ្ពោះទៅរកការគាំទ្រដល់ប្រជាជនដែលជួបការលំបាក ជំនួសឲ្យការរក្សាការរឹតបន្តឹងពាណិជ្ជកម្ម។ លោកបានស្នើឲ្យទីក្រុងព្រុចសែល ធ្វើសកម្មភាពស្រដៀងគ្នាទៅនឹងសហរដ្ឋអាមេរិក ក្នុងការបន្ធូរបន្ថយវិធានការទាក់ទងនឹងប្រេងរបស់រុស្ស៊ី។

ជាក់ស្ដែង អាមេរិកបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើប្រេងរបស់រុស្ស៊ីជាបណ្ដោះអាសន្ន ដោយអនុញ្ញាតឲ្យមានការជួញដូរទំនិញដែលផ្ទុកនៅលើកប៉ាល់មុនថ្ងៃទី១២ ខែមីនា ហើយបន្ទាប់មកពង្រីកការរឹតបន្តឹងទាំងនោះដើម្បីបន្តទិញរហូតដល់ពាក់កណ្តាលខែឧសភា។ លោក Salvini បាននិយាយថា «ប្រសិនបើទីក្រុងវ៉ាស៊ីនតោនអាចចាត់វិធានការនេះ សហភាពអឺរ៉ុបក៏គួរតែពិចារណា ជំនួសឲ្យការបិទសាលារៀន និងរោងចក្រ ចូរយើងត្រលប់ទៅទិញឧស្ម័នពីជុំវិញពិភពលោក រួមទាំងប្រទេសរុស្ស៊ីផងដែរ ព្រោះយើងមិនកំពុងធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ីទេ»។
សហភាពអឺរ៉ុបបានអនុម័តផែនការមួយដើម្បីលុបបំបាត់ឧស្ម័នរបស់រុស្ស៊ីបន្តិចម្តងៗ តាមរយៈបំពង់បង្ហូរប្រេងនៅឆ្នាំ ២០២៧ ទោះបីជាមានការជំទាស់ពីស្លូវ៉ាគី និងហុងគ្រីក៏ដោយ។ ហុងគ្រីបានប្តឹងការសម្រេចចិត្តនេះនៅក្នុងតុលាការសហភាពអឺរ៉ុប ខណៈដែលស្លូវ៉ាគីក៏បានប្រកាសផងដែរថា ខ្លួននឹងចាត់វិធានការស្រដៀងគ្នានេះដែរ។

អត្ថបទ៖ សាង ស្រីល័ក្ខ
