ខេត្តបាត់ដំបង – ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លាបានវាយប្រហារលើលំនៅឋានប្រជាពលរដ្ឋនៅស្រុកថ្មគោល បណ្ដាលឱ្យផ្ទះជាង២០ខ្នងខូចខាត និងមនុស្សម្នាក់របួស កាលពីរសៀលថ្ងៃទី១៧ មេសា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច គ្រោះធម្មជាតិនេះបានប៉ះពាល់ដល់ឃុំចំនួន០៤ក្នុងស្រុកថ្មគោល រួមមាន ឃុំជ្រោយស្ដៅ ឃុំបឹងព្រីង ឃុំតាម៉ឺន និងឃុំគោកឃ្មុំ។ ផ្ទះសរុប២១ខ្នងត្រូវបានខូចខាតដោយខ្យល់កន្ត្រាក់ត្រឹមមួយដង្ហើមចង្រិត ដែលភាគច្រើនរបើកដំបូល និងបង្កគ្រោះថ្នាក់ដល់កម្មកររោងម៉ាស៊ីនកិនស្រូវម្នាក់។

លោក សេង លុច អធិការស្រុកថ្មគោល បានបញ្ជាក់ថា៖ «ភ្លៀងមិនខ្លាំងទេ ខ្លាំងនឹងខ្យល់កន្ត្រាក់ដែលវាយប្រហារលើផ្ទះប្រជាពលរដ្ឋត្រឹមមួយប៉ព្រិចភ្នែក ធ្វើឲ្យខូចខាតផ្ទះអស់ជាង២១ខ្នង របួសមនុស្សម្នាក់តែស្រាល»។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានផ្សព្វផ្សាយថា នៅរសៀលថ្ងៃទី១៧ មេសា មានភ្លៀងធ្លាក់ក្នុងកំរិតខ្សោយទៅកំរិតមធ្យម ដែលប៉ះទៅលើស្រុកថ្មគោល ស្រុកបាណន់ ស្រុកឯកភ្នំ ស្រុកគាស់ក្រឡ ស្រុករុក្ខគិរី និងស្រុកមោងប្ញស្សី។

មន្ទីរជំនាញនេះតែងតែប្រកាសជូនដំណឹងជាបន្តបន្ទាប់តាមបណ្ដាញសង្គម ស្ដីពីការបម្រែបម្រួលអាកាសធាតុ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងជាមុន និងត្រៀមលក្ខណៈប្រុងប្រយ័ត្ន។
សូមអរគុណដែលបានអានព័ត៌មានពីកោះសន្តិភាព។ សូមរក្សាសុវត្ថិភាពខ្លួនឯងក្នុងរដូវវស្សា។
