ជនលួចឡានរត់គេចទៅក្រចេះ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីស្រាវជ្រាវយ៉ាងរហ័ស

ជនលួចឡានរត់គេចទៅក្រចេះ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីស្រាវជ្រាវយ៉ាងរហ័ស

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលលួចរថយន្តមួយគ្រឿងនៅសង្កាត់ផ្សារដេប៉ូទី៣ បានរត់គេចទៅលាក់ខ្លួននៅខេត្តក្រចេះ ទីបំផុតត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានសម្រេច។

ការឃាត់ខ្លួនជនលួចឡាន

តាមការបញ្ជាក់ពីនគរបាលខណ្ឌទួលគោក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៩យប់ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ជនសង្ស័យរូបនោះឈ្មោះ មាស សំណាក់ ហៅ ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅពុំពិតប្រាកដ។

រថយន្តដែលត្រូវលួច

ឧក្រិដ្ឋកម្មនេះបានកើតឡើងនៅចំណុចមុខផ្ទះលេខ៣២AE0 ផ្លូវលេខ១១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០១និ២៥នាទីយប់រំលងអាធ្រាត។

ជនរងគ្រោះជាម្ចាស់រថយន្ត ឈ្មោះ ថុល រ៉ាឌី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះលេខ៣២AE0 ផ្លូវលេខ១១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការស្រាវជ្រាវរបស់នគរបាល

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដករហូតរថយន្ត០១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពលួចយកទៅ។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

administrator

Related Articles