ទីក្រុងតេហេរ៉ង់ – ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឆ្លើយតបយ៉ាងខ្លាំងក្លាទៅនឹងសម្តីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ថា អ៊ីរ៉ង់មិនអាចប្រើប្រាស់សិទ្ធិនុយក្លេអ៊ែររបស់ខ្លួនបាន។

ក្នុងសន្និសីទកាសែតថ្ងៃអាទិត្យទី១៩ មេសា លោក Pezeshkian បានថ្លែងយ៉ាងច្បាស់ថា៖ «លោកត្រាំបានលើកឡើងថាអ៊ីរ៉ង់មិនអាចប្រើប្រាស់សិទ្ធិនុយក្លេអ៊ែររបស់ខ្លួនបានទេ តែលោកមិនបាននិយាយថា សម្រាប់បទឧក្រិដ្ឋអ្វីនោះទេ។ តើលោកជានរណាទៅ ដែលហ៊ានដកហូតសិទ្ធិរបស់ប្រជាជាតិមួយ?»
ទីភ្នាក់ងារសារព័ត៌មាន Iranian Student News (ISNA) បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់បានបដិសេធយ៉ាងច្បាស់លាស់នូវសំណើរបស់លោកត្រាំ ដោយអះអាងថា គ្មានហេតុផលណាមួយដើម្បីដកហូតសិទ្ធិនុយក្លេអ៊ែរពីអ៊ីរ៉ង់នោះទេ។

ស្ថានភាពតានតឹងបន្តកើនឡើង នៅពេលដែលច្រកសមុទ្រ Hormuz ត្រូវបានបិទម្តងទៀតនៅថ្ងៃអាទិត្យនេះ។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានបង្ហាញសញ្ញាថា កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយនៅតែឆ្ងាយពីគ្នាខ្លាំង ទោះបីជាមានចលនាខ្លះក្នុងការចរចាក៏ដោយ។
ជាពិសេស គម្លាតនៅតែមានលើបញ្ហានុយក្លេអ៊ែរ និងច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការនាំចេញប្រេងកាតពិភពលោក។

ការប្រឈមមុខដាក់គ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បន្តកើនឡើងជាលំដាប់ ដោយមានការខ្វែងគំនិតគ្នាលើបញ្ហានុយក្លេអ៊ែរ និងឥទ្ធិពលក្នុងតំបន់មជ្ឈិមបូព៌ា។
អត្ថបទ៖ សាង ស្រីល័ក្ខ
