ឥណ្ឌាកោះហៅទូតអ៊ីរ៉ង់ ប្រឆាំងការបាញ់នាវាប្រេងឥណ្ឌានៅច្រក Hormuz

ឥណ្ឌាកោះហៅទូតអ៊ីរ៉ង់ ប្រឆាំងការបាញ់នាវាប្រេងឥណ្ឌានៅច្រក Hormuz

ថ្ងៃទី ១៨ មេសា – ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ទីក្រុងញូវដេលីបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់ប្រហារលើនាវាដឹកប្រេងឆៅពីរគ្រឿងដែលដោតទង់ជាតិឥណ្ឌា ខណៈកំពុងព្យាយាមឆ្លងកាត់ច្រក Hormuz។

ការបាញ់នាវានៅច្រក Hormuz

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់ប្រកាសដាក់កម្រិតឡើងវិញលើការដឹកជញ្ជូននៅក្នុងច្រកសមុទ្រ ដោយបដិសេធការប្រកាសរបស់ខ្លួនអំពីការបើកពេញលេញដល់នាវាពាណិជ្ជកម្មកាលពីថ្ងៃទី១៧ មេសា។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួង ឥណ្ឌាបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Mohammad Fathali ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេស Vikram Misri។ នៅក្នុងកិច្ចប្រជុំនេះ លោក Misri បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាញ់នាវាពីរគ្រឿងនៅក្នុងច្រកសមុទ្រ។

ច្រកសមុទ្រ Hormuz

ទីក្រុងញូវដេលីបានអំពាវនាវឲ្យអ៊ីរ៉ង់បន្តដំណើរការសម្របសម្រួលការឆ្លងកាត់របស់នាវាដែលមានគោលដៅឥណ្ឌា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសឥណ្ឌាបាននិយាយថា ឯកអគ្គរដ្ឋទូត Fathali នឹងបញ្ជូនការព្រួយបារម្ភរបស់ឥណ្ឌាទៅកាន់មន្ត្រីនៅទីក្រុងតេហេរ៉ង់។

ដោយឡែក យោងតាមគេហទំព័រស៊ើបការណ៍សម្ងាត់ដែនសមុទ្រ TankerTrackers.com បាននិយាយនៅក្នុងសារមួយលើបណ្ដាញសង្គម X ថា «នាវាឥណ្ឌាពីរគ្រឿងត្រូវបានបង្ខំដោយកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ឲ្យត្រឡប់ទៅទិសខាងលិចវិញ ចេញពីច្រកសមុទ្រ Hormuz។ នាវាមួយក្នុងចំណោមនាវាទាំងនោះគឺជានាវាដឹកប្រេង VLCC មានទង់ជាតិឥណ្ឌាដែលដឹកប្រេងអ៊ីរ៉ាក់ចំនួន ២ លានបារ៉ែល»។

នាវាដឹកប្រេងឥណ្ឌា

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles