
ខេត្តមណ្ឌលគិរី៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខេត្តមណ្ឌលគិរីបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង២៣ពាន់នាក់ ដែលបានមកកម្សាន្តនៅតាមរមណីយដ្ឋាននានា និងចូលរួមក្នុងព្រឹត្តិការណ៍«សង្ក្រាន្តសែនមនោរម្យ»ដែលរៀបចំឡើងយ៉ាងពិសេស។

លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្រោមការណែនាំពីឯកឧត្តម ថង សាវុន អភិបាលខេត្ត ព្រឹត្តិការណ៍ឆ្នាំនេះមានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដោយមានក្បួនព្យុហយាត្រាចំនួន២០ផែន។ ក្បួនដង្ហែនេះរួមមានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បងប្អូនជនជាតិដើមភាគតិច យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីគ្រប់ក្រុង/ស្រុក។

ការដង្ហែនេះធ្វើឡើងចាប់ពីវិមានឯករាជ្យ រហូតដល់សួនដំរីដែក ដើម្បីជានិមិត្តរូបនៃការសាមគ្គីភាព និងជាការសម្តែងនូវកតញ្ញូតាធម៌ចំពោះវីរកងទ័ព និងនគរបាលជាតិ។

ក្រៅពីក្បួនដង្ហែ រដ្ឋបាលខេត្តក៏បានរៀបចំនូវសកម្មភាពវប្បធម៌ និងការកម្សាន្តជាច្រើនដូចជា សិល្បៈប្រពៃណី ការសម្តែងរបាំត្រុឌ របាំជូនពរ និងរបាំប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច។ ការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ ការរាំលេងកម្សាន្តតាមបែបប្រពៃណី ការតាំងបង្ហាញផលិតផលក្នុងស្រុក និងការចែកជូនកាហ្វេមណ្ឌលគិរីដោយឥតគិតថ្លៃចំនួន៣,០០០កែវដល់អ្នកចូលរួម។

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក្នុងរយៈពេល៣ថ្ងៃ (ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦) ចំនួនភ្ញៀវទេសចរសរុបមានសរុប៖ ២៣,២៥៣ នាក់។ ទេសចរជាតិ២២,៤១៤ នាក់ (ថយចុះ៧.០៦% ធៀបនឹងឆ្នាំ២០២៥)។ ទេសចរបរទេស៨៣៩ នាក់ (កើនឡើង៥.៦៦%ធៀបនឹងឆ្នាំ២០២៥)។

ទោះបីជាចំនួនភ្ញៀវទេសចរជាតិមានការថយចុះបន្តិចបន្តួច ប៉ុន្តែចំនួនភ្ញៀវអន្តរជាតិបានបង្ហាញពីសញ្ញាវិជ្ជមានដោយមានការកើនឡើង។ អ្វីដែលសំខាន់បំផុតនោះគឺ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈត្រូវបានរក្សាបានយ៉ាងល្អប្រសើរ បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តដោយក្តីសប្បាយរីករាយ និងសុខសុវត្ថិភាព៕

អត្ថបទសរសេរដោយ សាយ ករុណា
កែសម្រួលដោយ ធីតា
