ខេត្តបាត់ដំបង៖ សោកនាដកម្មដ៏សែនឈឺចាប់បានកើតឡើងនៅរមណីយដ្ឋានធម្មជាតិថ្មដាចម្ការទុរេន ក្រោយពីក្មេងប្រុសអាយុ១៥ឆ្នាំលង់ទឹកស្លាប់ នៅរសៀលថ្ងៃទី១៧ មេសា បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់។

យុវជនដែលជួបគ្រោះថ្នាក់មានឈ្មោះថា ហ៊ឹម សំណាង អាយុ១៥ឆ្នាំ ដែលរស់នៅភូមិដូង ឃុំមោង ស្រុកមោងប្ញស្សី។ គាត់បានលង់ទឹកស្លាប់នៅពេលកំពុងលហែលលែងសប្បាយជាមួយមិត្តភក្តិជាច្រើននាក់ និងអ្នកទេសចររាប់រយនាក់ទៀតដែលទៅកម្សាន្តនៅទីនោះ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា យុវជនរងគ្រោះនេះមិនបានពាក់អាវពោងសុវត្ថិភាពទេ សូម្បីតែខោជើងវែងក៏មិនបានដោះចេញដែរ។ ពួកគេបានហែលទៅកាន់តំបន់ទឹកជ្រៅ ហើយនៅពេលកំពុងលេងសប្បាយ ស្រាប់តែមានការផ្អើលពេញទឹកស្ទឹង ព្រោះបាត់ជនរងគ្រោះ។
អ្នកហែលទឹកជាច្រើនបានជួយមុជរាវរក ហើយក្រោយមកក៏រកឃើញជនរងគ្រោះ និងបានសែងគាត់ឡើងលើគោកដើម្បីសង្គ្រោះបឋម។ ទោះជាយ៉ាងណាក៏ដោយ ការប្រឹងប្រែងរបស់មិត្តភក្តិ និងអ្នកលេងទឹកផ្សេងទៀតមិនអាចជួយសង្គ្រោះជីវិតគាត់បានឡើយ។
លោក ម៉ែន រីម អធិការស្រុកសំឡូត បានបញ្ជាក់ថា៖ “នៅកន្លែងហែលទឹកនេះ គេមានអាវពោងសុវត្ថិភាពផ្តល់ជូនដែរ តែជនរងគ្រោះមិនបានពាក់ទេ។ អ្នកហែលទឹករាប់សិបនាក់ផ្សេងទៀតពាក់អាវពោង តែគាត់មិនត្រឹមតែមិនពាក់ទេ សូម្បីខោជើងវែងក៏មិនដោះដែរ។ នេះហើយជាហេតុដែលនាំឱ្យមានគ្រោះថ្នាក់។”
សមត្ថកិច្ចបានព្យាយាមដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែគាត់បានស្លាប់ទៅហើយនៅពេលទៅដល់។ ហេតុការណ៍នេះបានកើតឡើងក្រោយពីបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់ ដែលជាពេលដែលមនុស្សជាច្រើននៅតែទៅកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិ។
