ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា យុវជនចំនួន៩នាក់ដែលពាក់ព័ន្ធនឹងករណីដេញគប់ និងវាយឡានអ្នកដទៃនៅតំបន់វត្តភ្នំ ត្រូវបានចាប់ខ្លួនហើយ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា ក្នុងចំណោមយុវជនទាំង៩នាក់នេះ មានម្នាក់ជាអ្នកកាច់យកផ្លាកលេខរថយន្ត។ លោកក៏បានអំពាវនាវដល់យុវជនដែលកំពុងរត់គេចខ្លួន សូមចូលខ្លួនមកអធិការខណ្ឌដូនពេញ ជាពិសេសយុវជនអ្នកបង្កហេតុស្រែកបំផុសមុនគេ។
លោកបានសង្កត់ធ្ងន់ថា៖ “ក្រុមយុវជនមួយចំនួនតូចដែលដើរផ្លូវខុស ដែលសង្គម និងមហាជនស្អប់ខ្ពើម ត្រូវកែខ្លួនឡើងវិញ ព្រោះគ្រួសារមានវិន័យ ប្រទេសមានច្បាប់។ ច្បាប់មិនអាចទុកឲ្យជនមួយក្ដាប់តូចបង្កចលាចលក្នុងសង្គមរួចខ្លួនបានទេ។”

ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ករណីនេះចាប់ផ្ដើមពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកអាវតា០៧ ពណ៌ខ្មៅ និងម៉ូតូ១គ្រឿង។ ក្រោយពីម្ចាស់រថយន្តរុញម៉ូតូផ្ដួល និងបើកចេញ ម្ចាស់ម៉ូតូស្រែករត់ដេញតាម បណ្ដាលឱ្យប្រជាពលរដ្ឋយល់ច្រឡំថារថយន្តបុកម៉ូតូ ហើយបើករត់ ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្ត។
សមត្ថកិច្ចបានចុះអន្តរាគមន៍ នាំយករថយន្ត និងអ្នកបើកបរចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចៀសការកើតមានអំពើហិង្សា។ បច្ចុប្បន្ន ការស៊ើបអង្កេតនៅតែបន្ត ដើម្បីចាប់ខ្លួនយុវជនដែលនៅរត់គេចខ្លួន។
