ខេត្តកំពង់ស្ពឺ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក ឃឹម សុកខៃ បានបញ្ជាឱ្យកំលាំងជំនាញព្រហ្មទណ្ឌធ្វើការស្រាវជ្រាវស្វែងរកជនជាតិចិនដែលរត់ចោលរថយន្តលីហ្វាន់ TOYOTA ALPHARD នៅច្រកចេញផ្លូវល្បឿនលឿនកំពង់ស្ពឺកើត។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១:២៨ នាទីរំលងអធ្រាត្រថ្ងៃទី១៩ មេសា ២០២៦ នៅមុខបញ្ជរបង់ប្រាក់កំពង់ស្ពឺកើត ក្នុងភូមិរំលោង ឃុំវល្ល៍ស ស្រុកសំរោងទង។
នគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា រថយន្តម៉ាក TOYOTA ALPHARD ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ 2BY-8075 មានអ្នកជិះ៣-៤នាក់ ដែលក្នុងនោះមានជនជាតិខ្មែរជាអ្នកបើករថយន្ត និងជនជាតិចិនជាអ្នកជិះ។

បើតាមការពិនិត្យកាមេរ៉ាសុវត្ថិភាព រថយន្តនេះបានបើកចេញពីខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿនវេលាម៉ោង ២២:១៥ នាទីយប់។ ពេលមកដល់បញ្ជរបង់ប្រាក់ មានសកម្មភាពវាយប្រតាយប្រតប់គ្នាពេញក្នុងរថយន្ត រួចរថយន្តបានជិះបុកបារ៉ាសចេញមកឈប់នៅខាងក្រៅ។
ក្រោយមក មានជនជាតិចិនម្នាក់លោតចេញពីក្នុងរថយន្តទៅទិសខាងកើតបាត់ ហើយមានមនុស្សប្រុស៣នាក់ទៀតរត់ដេញតាមរកមួយសន្ទុះក្រោមមក។ មនុស្សទាំង៣នាក់នោះបានឡើងជិះរថយន្ត TOYOTA ALPHARD ពណ៌ខ្មៅ០១គ្រឿងទៀត ពាក់ផ្លាកលេខភ្នំពេញ 2CC-8785 ទៅទិសខាងកើតតាមផ្លូវជាតិលេខ៤បាត់ទៅ។

បច្ចុប្បន្ន នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានយករថយន្តម៉ាក TOYOTA ALPHARD ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ 2BY-8075 បន្តស្រាវជ្រាវស្វែងរកមនុស្សទាំងអស់នោះមកសួរនាំដើម្បីដឹងមូលហេតុពិត។

ការស៊ើបអង្កេតនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយមានការសហការពីនគរបាលចរាចរណ៍ដែលប្រចាំការនៅផ្លូវល្បឿនលឿន។

