សហរដ្ឋអាមេរិក – កាលពីថ្ងៃទី១៩ មេសា កើតមានសោកនាដកម្មពីរដាច់ដោយឡែកពីគ្នានៅសហរដ្ឋអាមេរិក បណ្ដាលឱ្យមនុស្សសរុប១៥នាក់ស្លាប់។

សោកនាដកម្មដំបូងកើតឡើងនៅរដ្ឋល្វីហ្សាណា ដោយកុមារ៨នាក់ត្រូវស្លាប់ក្នុងអំពើហិង្សាដោយអាវុធរវាងគ្រួសារ។ អាជ្ញាធរទីក្រុង Shreveport បានរាយការណ៍ថា បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីអំពើហិង្សាកាលពីព្រឹកថ្ងៃទី១៩ មេសា ប៉ូលិសបានចេញធ្វើអន្តរាគមន៍ និងបានប្រទះឃើញមនុស្សស្លាប់ក្នុងផ្ទះ២។
ប៉ូលិសបន្តថា មនុស្សយ៉ាងតិច១០នាក់ត្រូវគ្រាប់កាំភ្លើងនាយប់ថ្ងៃទី១៨ មក១៩ មេសា ក្នុងអំពើហិង្សាគ្រួសារនេះ ក្នុងនោះ៨នាក់ស្លាប់ដែលពួកគេសុទ្ធតែជាកុមារមានអាយុពី១ឆ្នាំទៅ១៤ឆ្នាំ។ ក្នុងចំណោមក្មេងដែលស្លាប់ទាំងនេះមួយចំនួនត្រូវជាកូនរបស់ខ្មាន់កាំភ្លើង។

នារី២នាក់ដែលជាសាច់ញាតិរបស់ខ្មាន់កាំភ្លើងក៏រងរបួសធ្ងន់ដែរ។ នេះបើតាមការអះអាងរបស់លោក Tom Arseneaux អភិបាលក្រុង Shreveport ប្រាប់ដល់ទូរទស្សន៍ CNN។
ខ្មាន់កាំភ្លើងដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណក្រោយការបាញ់ប្រហារបានរត់គេចខ្លួនហើយត្រូវប៉ូលិសដេញតាម និងចាប់រថយន្តដែលគេបើករត់។ ប៉ូលិសអះអាងថា ខ្មាន់កាំភ្លើងនោះត្រូវបានប៉ូលិសបាញ់សម្លាប់ តែអភិបាលក្រុងលោក Tom Arseneaux អះអាងថា លោកមិនដឹងច្បាស់ដែរថា តើខ្មាន់កាំភ្លើងរូបនោះត្រូវប៉ូលិសបាញ់ស្លាប់ឬមួយគេបាញ់សម្លាប់ខ្លួនឯង។
សោកនាដកម្មមួយទៀតកើតមាននាថ្ងៃទី១៩ មេសា នោះដែរ ដោយនារីជាម្ដាយម្នាក់នៃសហគមន៍ Amish និងកូនរបស់គេ៦នាក់ បានត្រូវស្លាប់ក្នុងអគ្គិភ័យមួយបណ្ដាលមកពីការធ្លាយឧស្ម័នប្រូប៉ាន។ តាមទូរទស្សន៍ BBC News ថា អាជ្ញាធរមូលដ្ឋានរៀបរាប់ថា ការផ្ទុះបណ្ដាលឲ្យមានភ្លើងឆាបឆេះសម្លាប់មនុស្ស៧នាក់ ក្នុងតំបន់ជនបទមួយនៃរដ្ឋផេនស៊ីលវេនៀ។
សោកនាដកម្មនេះកើតមាននៅ Lamar Township តំបន់គ្លីនតុនជិតទីក្រុងមីលហាល់។ តាមប៉ូលិសរដ្ឋថា ការផ្ទុះដ៏ខ្លាំងមួយលាន់ឮពីបណ្ដាផ្ទះជិតខាងមុនពេលអណ្ដាតភ្លើងឆេះរាលដាលយ៉ាងលឿនបំផ្លាញផ្ទះមួយទាំងស្រុង។ ពេលក្រុមសង្គ្រោះមកដល់ អគារទាំងមូលត្រូវភ្លើងឆេះទាំងស្រុងមិនអាចធ្វើអន្តរាគមន៍ ប៉ុនប៉ងសង្គ្រោះមនុស្សស្ថិតក្នុងផ្ទះនោះបាន។
