
ខេត្តឧត្តរមានជ័យ៖ គ្រោះមហន្តរាយធម្មជាតិបានធ្វើឱ្យប្រជាពលរដ្ឋជាង១៤៤គ្រួសារក្នុងខេត្តឧត្តរមានជ័យរងគ្រោះដោយខ្យល់ព្យុះខ្លាំងបក់បោកប៉ើងដំបូល និងធ្វើឱ្យផ្ទះជាច្រើនដួលរលំ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង៤ល្ងាច ក្នុងឃុំអម្ពឹល ស្រុកបន្ទាយអម្ពឹល និងឃុំក្រសាំង ស្រុកចុងកាល់។ ប្រជាពលរដ្ឋដែលរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ មេឃបានឡើងដុំពពកខ្មៅ បន្ទាប់មកខ្យល់បានបក់បោកយ៉ាងខ្លាំង ហើយទើបធ្លាក់ទឹកភ្លៀងមួយមេធំ។

ក្រោយពីកើតហេតុ ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនដល់ប្រជាពលរដ្ឋចំនួន១៤៤គ្រួសារ។ អំណោយសង្គ្រោះរួមមានស័ង្កសី សម្ភារះប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ។

មន្ត្រីបម្រើការងារសាលាស្រុកបន្ទាយអម្ពឹលបានឲ្យដឹងថា ការខូចខាតបានកើតឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ទាំងពីរ ដោយផ្ទះមួយចំនួនត្រូវបានប៉ើងដំបូល ខណៈផ្ទះផ្សេងទៀតដួលរលំទាំងស្រុង។

បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានកំពុងបន្តផ្តល់ជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងវាយតម្លៃការខូចខាតដោយលម្អិត ដើម្បីរៀបចំផែនការជួយសង្គ្រោះបន្ថែមទៀត។

