សហរដ្ឋអាមេរិក៖ សេតវិមានបានប្រកាសពីការលាលែងចេញពីតំណែងរបស់រដ្ឋមន្ត្រីការងារអាមេរិក លោកស្រី Lori Chavez-DeRemer កាលពីថ្ងៃទី២០ មេសា បន្ទាប់ពីមានរឿងអាស្រូវជាច្រើនកើតឡើងក្នុងអាណត្តិ១៣ខែរបស់នាង។

តាមបណ្ដាញសង្គម X នាយកគមនាគមន៍សេតវិមាន លោក Steven Cheung បានបញ្ជាក់ថា លោកស្រី Chavez-DeRemer នឹងចាកចេញពីរដ្ឋាភិបាលដើម្បីទៅកាន់តំណែងក្នុងផ្នែកឯកជន។ នាងក្លាយជានារីទី៣ដែលចាកចេញពីរដ្ឋាភិបាលរបស់ប្រធានាធិបតី Donald Trump ក្នុងរយៈពេលត្រឹម៦សប្ដាហ៍។
លោកស្រី Lori Chavez-DeRemer អាយុ៥៨ឆ្នាំ ជាអតីតសមាជិកសភារដ្ឋអូរីហ្គោន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការងារក្នុងខែមីនា ឆ្នាំ២០២៥។ ក្នុងអាណត្តិរបស់នាង មានការដកតំណែង និងការបង្ខំឲ្យលាលែងរបស់មន្ត្រីក្រសួងរាប់ពាន់នាក់។
តាមកាសែត Washington Post លោកស្រីកំពុងជាកម្មវត្ថុនៃការស៊ើបអង្កេតមួយពីបទមានទំនាក់ទំនងមិនសមស្របជាមួយអ្នកនៅក្រោមបង្គាប់។ នាងក៏ត្រូវគេចោទផងដែរពីបទផឹកស្រាក្នុងការិយាល័យក្នុងម៉ោងធ្វើការ និងបទក្លែងបន្លំដើម្បីទទួលបានការធ្វើដំណើរផ្លូវការសម្រាប់គ្រួសារ និងមិត្តភក្តិ។

ការចាកចេញរបស់លោកស្រី Chavez-DeRemer ធ្វើឡើងក្រោយការចាកចេញដោយបង្ខំរបស់រដ្ឋមន្ត្រីសន្តិសុខផ្ទៃក្នុង Kristi Noem និងរដ្ឋមន្ត្រីយុត្តិធម៌ Pam Bondi ដែលបង្ហាញពីភាពមិនស្ថិតស្ថេរនៅក្នុងរដ្ឋាភិបាល Trump។
