ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រមានអំពីស្ថានភាពអាកាសធាតុដែលនឹងមានភ្លៀងធ្លាក់ខ្លាំងរួមជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅលើតំបន់ជាច្រើននៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

យោងតាមព្រឹត្តិបត្រព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី១៩ មេសា ២០២៦ ខេត្តដែលនឹងទទួលរងឥទ្ធិពលរួមមាន៖ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ កណ្ដាល និងរាជធានីភ្នំពេញ។ តំបន់ទាំងនេះនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ ២០%។
កត្តាចម្បងដែលបណ្ដាលឱ្យមានស្ថានភាពអាកាសធាតុបែបនេះ គឺដោយសារព្យុះទី៤ ឈ្មោះ “ស៊ីនឡាគូ” (Sinlaku) T2604 ដែលបានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន។ ទោះជាយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះនេះមិនមានឥទ្ធិពលខ្លាំងដល់ប្រទេសកម្ពុជាទេ។

សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពនឹងមានពី ២៤°C ដល់ ៣៧°C ដោយមានខ្យល់បក់មកពីទិសបូព៌ និងអាគ្នេយ៍ ក្នុងល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
ចំណែកតំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ នឹងមានភ្លៀងគ្របដណ្ដប់លើផ្ទៃដី ១៥% ដោយមានសីតុណ្ហភាពពី ២៥°C ដល់ ៣៦°C។
សម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នឹងមានភ្លៀងគ្របដណ្ដប់លើផ្ទៃដី ២០% ដោយមានរលកសមុទ្រកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,០០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់អនុសាសន៍ឱ្យប្រជាពលរដ្ឋនៅតំបន់ទាំងនេះប្រុងប្រយ័ត្ន និងរៀបចំខ្លួនសម្រាប់ការភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ដែលអាចកើតមាន។
ដោយ៖ សិលា
