រាជធានីប៊ែរុត – ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន បានប្រកាសថា ប្រទេសលីបង់បានចូលដល់ដំណាក់កាលថ្មីមួយនៃការស្វែងរកសន្តិភាពអចិន្ត្រៃយ៍ បន្ទាប់ពីបទឈប់បាញ់រយៈពេល១០ថ្ងៃដ៏ពិបាកបំផុតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមាន។

ក្នុងសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយទៅកាន់ប្រជាជនលីបង់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីបទឈប់បាញ់ លោក អាអូន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ប្រទេសលីបង់លែងជាសង្វៀនសម្រាប់សង្គ្រាមរបស់នរណាម្នាក់ទៀតហើយ»។
ជាងមួយខែកន្លងមក ប្រទេសលីបង់ត្រូវបានអូសទាញចូលទៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃទី០២ ខែមីនា នៅពេលដែលក្រុមហេសបូឡា ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ បានវាយប្រហារអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការស្លាប់របស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាស់ អាលី ខាមេណៃ។

ជាការឆ្លើយតបចំពោះការបាញ់ប្រហាររបស់ក្រុមហេសបូឡា ភាគីអ៊ីស្រាអែលបានបើកការបាញ់ប្រហារច្រើនលើកច្រើនសារលើប្រទេសលីបង់ និងបើកការវាយលុកតាមជើងគោក ដោយសម្លាប់មនុស្សជិត២៣០០នាក់ របួសជាង៧០០០នាក់ និងបណ្តេញជនស៊ីវិលជាង១លាននាក់ចេញពីផ្ទះរបស់ពួកគេក្នុងរយៈពេលជាង១ខែចុងក្រោយនេះ។
ក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់ប្រជាជាតិចាប់តាំងពីបទឈប់បាញ់មក លោក អាអូន បានថ្លែងថា៖ «ឥឡូវនេះ! យើងទាំងអស់គ្នាកំពុងឈរនៅដំណាក់កាលថ្មីមួយ។ វាគឺជាដំណាក់កាលនៃការផ្លាស់ប្តូរលើបទឈប់បាញ់ ទៅជាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ដែលរក្សាសិទ្ធិរបស់ប្រជាជន ឯកភាពនៃទឹកដី និងអធិបតេយ្យភាពរបស់ប្រជាជាតិយើង»។

ប្រធានាធិបតីរូបនេះបន្ថែមថា៖ «រដ្ឋាភិបាលលីបង់បានទាមទារយកសិទ្ធិអំណាចសម្រេចចិត្តរបស់ប្រទេសលីបង់មកវិញ វាជាលើកដំបូងសម្រាប់ប្រទេសយើង ក្នុងរយៈពេលជិតកន្លះសតវត្សរ៍មកនេះ។ ថ្ងៃនេះ យើងចរចាដើម្បីខ្លួនយើង […] យើងលែងជាកូនអុកក្នុងល្បែងរបស់នរណាម្នាក់ទៀតហើយ ហើយក៏មិនមែនជាសង្វៀនសម្រាប់សង្គ្រាមរបស់នរណាម្នាក់ដែរ»។
ការប្រកាសនេះមកពីអាជ្ញាធរលីបង់បន្ទាប់ពីជម្លោះដ៏ធ្ងន់ធ្ងរបានធ្វើឱ្យប្រទេសនេះទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យប្រជាជនរាប់លាននាក់ត្រូវរងគ្រោះដោយសារសង្គ្រាមដែលពួកគេមិនបានចាប់ផ្តើម។
