អ៊ីរ៉ង់បានបញ្ជាក់ជាថ្មីថា ច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz នឹងបន្តបើកចំហសម្រាប់កប៉ាល់ពាណិជ្ជកម្ម ប៉ុន្តែតែក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល២សប្តាហ៍ប៉ុណ្ណោះ និងមិនអនុញ្ញាតឱ្យកប៉ាល់ណាដែលជាប់ពាក់ព័ន្ធនឹងកងកម្លាំងសត្រូវឆ្លងកាត់។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិដែលបានបញ្ជាក់នៅថ្ងៃសៅរ៍ទី១៨ មេសា ២០២៦ ថា៖ «ច្រក Hormuz ពិតជាបើកចំហ ប៉ុន្តែតែក្នុងអំឡុងបទឈប់បាញ់ប៉ុណ្ណោះ។ កប៉ាល់ណាដែលពាក់ព័ន្ធនឹងកងកម្លាំងសត្រូវ នៅតែមិនអាចឆ្លងកាត់ច្រកនេះបានឡើយ»។
ប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf បានព្រមានបន្ថែមថា អ៊ីរ៉ង់នឹងបិទច្រកនេះជាថ្មីម្តងទៀត ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តការបិទខ្ទប់កំពង់ផែរបស់ខ្លួន។
ការប្រកាសនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Seyed Abbas Araghchi បានបង្ហោះសារលើបណ្តាញសង្គម X ថា៖ «ស្របតាមបទឈប់បាញ់នៅលីបង់ ការធ្វើដំណើរសម្រាប់កប៉ាល់ពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ច្រក Hormuz ត្រូវបានប្រកាសថាបើកចំហទាំងស្រុង សម្រាប់រយៈពេលដែលនៅសេសសល់នៃបទឈប់បាញ់នេះ»។
ជាការឆ្លើយតប ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងអំណរគុណដល់ទីក្រុងតេហេរ៉ង់ ប៉ុន្តែលោកនៅតែមិនព្រមដកការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ឡើយ ដរាបណាមិនទាន់មានកិច្ចព្រមព្រៀងច្បាស់លាស់។
អាមេរិកបានចល័តទ័ពជាង១០,០០០នាក់ នាវា១២គ្រឿង និងយន្តហោះជាង១០០គ្រឿង ដើម្បីបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់។
