សមត្ថកិច្ចចាប់ខ្លួនក្មេងទំនើង ៤នាក់ ពាក់ព័ន្ធកាប់ប្លន់ម៉ូតូក្នុងថ្ងៃបុណ្យចូលឆ្នាំ

សមត្ថកិច្ចចាប់ខ្លួនក្មេងទំនើង ៤នាក់ ពាក់ព័ន្ធកាប់ប្លន់ម៉ូតូក្នុងថ្ងៃបុណ្យចូលឆ្នាំ

ខេត្តស្វាយរៀង – ក្រុមក្មេងទំនើងមួយក្រុមដែលធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូអ្នកធ្វើដំណើរក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ៤នាក់ និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចចាប់ខ្លួនក្មេងទំនើង

បើតាមការបញ្ជាក់ពីសមត្ថកិច្ច កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា មានក្មេងទំនើងមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូមួយគ្រឿង រួចនាំគ្នាជិះគេចខ្លួនបាត់។

វត្ថុតាងពីការប្លន់

ក្រោយពីទទួលបានព័ត៌មានករណីនេះរួចមក ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់(ប្រុស)។

កម្លាំងសមត្ថកិច្ច

សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា ម៉ូតូ០៣គ្រឿង (ម៉ូតូធ្វើសកម្មភាព ០២គ្រឿង ម៉ូតូជនរងគ្រោះ០១គ្រឿង) និងកាំបិត ០៣ដើម។

ម៉ូតូដែលដកហូតបាន

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។ ចៅក្រមបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ មេសា២០២៦នេះរួចហើយ។

ការចាត់ការតាមច្បាប់

អត្ថបទសរសេរដោយ វ៉ាន់ ប៊ុនធឿន
កែសម្រួលដោយ សារ៉ា ចន្ទ

ការពារសន្តិសុខប្រជាពលរដ្ឋ

administrator

Related Articles