ភ្នំពេញ៖ ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី១៦ មេសា ក៏ដោយ ក៏ប៉ុន្តែក្តីសប្បាយរីករាយនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋគ្រប់រូបមិនទាន់ចប់នៅឡើយ។

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំសារព័ត៌មានថ្ងៃទី១៨ មេសា ថា ប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បន្តចូលរួមកម្សាន្តសប្បាយយ៉ាងកុះករ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា ការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បង្ហាញពីការត្រងត្រាប់ស្តាប់តាមប្រសាសន៍របស់ថ្នាក់ដឹកនាំ ដែលជំរុញឲ្យខ្មែរគ្រប់គ្នាក្រោកឈរឡើង ពង្រឹងខ្លួន និងរួមគ្នាក្លាយជាកម្លាំងមហាសាមគ្គីជាតិ។

តួលេខផ្លូវការបង្ហាញថា ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំ (១៤-១៦ មេសា) មានប្រជាពលរដ្ឋដើរកម្សាន្តជាង ២១ លាននាក់ និងភ្ញៀវទេសចរណ៍បរទេសជាង ៧០,០០០ នាក់។ តួលេខនេះត្រូវបានកត់ត្រាដោយក្រសួងទេសចរណ៍។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ កងកម្លាំងសន្តិសុខ និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមធានាឲ្យពិធីបុណ្យប្រព្រឹត្តទៅដោយសុវត្ថិភាព។

ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានដាក់រថយន្តក្រុងសាធារណៈ ៦០០ គ្រឿង ដើម្បីដឹកជញ្ជូនដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា និងក្នុងរាជធានីផ្ទាល់។ ទន្ទឹមនឹងនោះ ក៏មានវិធានការបញ្ចុះតម្លៃប្រេងឥន្ធនៈផងដែរ។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ មិនត្រឹមតែថែរក្សាប្រពៃណីវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញចរន្តសេដ្ឋកិច្ចតាមរយៈទេសចរណ៍ក្នុងស្រុក និងបរទេសយ៉ាងច្រើនកុះករនៅទូទាំងប្រទេស។
ដោយ៖ តារា
