ឆ្នាំ២០២៥ ជាឆ្នាំដ៏សែនឈឺចាប់ ជនជាតិរ៉ូហ៊ីងហ្កាស្លាប់ច្រើនបំផុតក្នុងការភៀសខ្លួនតាមសមុទ្រ

ឆ្នាំ២០២៥ ជាឆ្នាំដ៏សែនឈឺចាប់ ជនជាតិរ៉ូហ៊ីងហ្កាស្លាប់ច្រើនបំផុតក្នុងការភៀសខ្លួនតាមសមុទ្រ

ដាកា៖ ការរស់នៅក្នុងជំរំជនភៀសខ្លួននៅប្រទេសបង់ក្លាដែសគឺពិបាកស្មុគស្មាញជាទីបំផុត ដែលបណ្តាលឱ្យជនជាតិរ៉ូហ៊ីងហ្កាភាគច្រើនត្រូវជ្រើសរើសធ្វើដំណើរផ្សងព្រេងតាមសមុទ្រដោយជិះទូកតូចៗផ្ទុកលើសចំណុះ។

ជនជាតិរ៉ូហ៊ីងហ្កាក្នុងជំរំភៀសខ្លួន

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៥ ត្រូវបានកត់ត្រាថាជាឆ្នាំដែលជនជាតិរ៉ូហ៊ីងហ្កាស្លាប់ច្រើនបំផុតក្នុងអំឡុងពេលភៀសខ្លួនតាមសមុទ្រ។ លោក បាបា បាឡុក អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានបញ្ជាក់ថា៖ «កាលពីឆ្នាំ២០២៥ ជនភៀសខ្លួនរ៉ូហ៊ីងហ្កាជិត៩រយនាក់បាត់ខ្លួន ឬស្លាប់នៅសមុទ្រអាន់ដាម៉ាន់ និងឆកសមុទ្របេងហ្កាល់»។

សូម្បីតែនៅក្នុងឆ្នាំ២០២៦នេះក៏ដោយ អត្រាមរណភាពនៅតែមានជាហូរហែ។ កាលពីដើមខែមេសានេះ មានហេតុការណ៍លិចទូកដឹកជនជាតិរ៉ូហ៊ីងហ្កាបណ្ដាលឱ្យបាត់ខ្លួនមនុស្សរាប់រយនាក់។

ការភៀសខ្លួនតាមសមុទ្ររបស់ជនជាតិរ៉ូហ៊ីងហ្កា

លោកបាឡុកបានរំលេចឱ្យឃើញថា នៅក្នុងចំណោមជនជាតិរ៉ូហ៊ីងហ្កាជាង៦៥០០នាក់ដែលព្យាយាមភៀសខ្លួនតាមសមុទ្រ មួយភាគប្រាំពីរនៃពួកគេបានបាត់ខ្លួន ឬបានស្លាប់។ នេះជាអត្រាមរណភាពដ៏ខ្ពស់បំផុតបើប្រៀបធៀបនឹងការរត់ភៀសខ្លួនធំៗតាមសមុទ្ររបស់ជនភៀសខ្លួននៅទីកន្លែងដទៃទៀត។

ពួកគេភាគច្រើនរត់ចេញពីជំរំខក់បាហ្សា ដែលជាកន្លែងប្រមូលផ្ដុំជនជាតិរ៉ូហ៊ីងហ្កាដែលរត់ចេញពីរដ្ឋរ៉ាក់ខាញ។ ទីនេះជាកន្លែងប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពអារ៉ាខាន់។

ជំរំជនភៀសខ្លួននៅបង់ក្លាដែស

លោកបាឡុកបានបន្តថា ចាប់តាំងពីឆ្នាំ២០១២រហូតមកដល់ពេលនេះ ជនជាតិរ៉ូហ៊ីងហ្កាជិត២សែននាក់បានជិះនៅលើទូកតូចៗប្រជ្រៀតគ្នាឆ្លងកាត់ផ្ទៃសមុទ្រ។ នៅក្នុងចំណោមនោះ ជាង៥ពាន់នាក់បានស្លាប់មុនពេលទៅដល់គោលដៅចុងក្រោយ។

បើគិតឱ្យសព្វៗទៅ សមុទ្រអាន់ដាម៉ាន់ និងឆកសមុទ្របេងហ្កាល់ប្រៀបបានទីលានកប់សពមនុស្សយ៉ាងដូច្នោះដែរ។

ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត

administrator

Related Articles