ខេត្តសៀមរាប៖ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៨សែននាក់ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ មានចំនួនប្រមាណ១លាន៨៤២ពាន់៤៣០នាក់។ ក្នុងនោះ ទេសចរជាតិ និងប្រជាពលរដ្ឋមានជាង១លាន៨៣ម៉ឺននាក់ និងភ្ញៀវទេសចរបរទេសមាន៥ពាន់៤៣៨នាក់។

ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៦នេះ ប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីជាច្រើន រួមមានពិធីសាសនា កម្មវិធីតាំងបង្ហាញវត្ថុសិល្បៈ និងកម្មវិធីកម្សាន្តជាច្រើន។
ជាពិសេស ការប្រណាំងទូកផ្កាចារ ទូកនាគ និងទូក-ង លក្ខណៈមិត្តភាព នៅដងស្ទឹងសៀមរាប បានក្លាយជាផ្ទាំងទស្សនីភាពមួយ ដែលមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាកម្សាន្តឲ្យបានច្រើនកុះករ។

ក្រៅពីការកម្សាន្តនៅសៀមរាបសង្ក្រាន្ត ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានអញ្ជើញទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានវប្បធម៌ ប្រាង្គប្រាសាទនានា រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន និងរមណីយដ្ឋានកែច្នៃ ដែលមាននៅក្នុងភូមិសាស្ត្រខេត្តសៀមរាបទៀតផង។

ព្រឹត្តិការណ៍នេះបង្ហាញពីសក្តានុពលទេសចរណ៍ដ៏ធំធេងរបស់ខេត្តសៀមរាប និងការទាក់ទាញដ៏ខ្លាំងក្លារបស់វប្បធម៌ខ្មែរប្រពៃណីទៅកាន់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។
