
នៅទីបំផុត រូបសំណាករបស់កវីនិពន្ធលោក គង្គ ប៊ុនឈឿន បានលេចចេញជារូបរាងហើយ នៅក្នុងបរិវេណនៃសួនសិល្បៈក្នុងខេត្តបាត់ដំបង។ សួនច្បារមួយនេះ ក៏នឹងសាងសង់រូបសំណាកកវីនិពន្ធ និងតារាចម្រៀងផ្សេងទៀតដែលមានដើមកំណើតពីខេត្តបាត់ដំបង។

ការរំលេចនូវរូបសំណាករបស់កវីនិពន្ធលោក គង្គ ប៊ុនឈឿន នាពេលនេះ ក៏បានជាការសម្រេចក្តីបំណងពីក្រុមគ្រួសាររបស់លោកផងដែរ ដ្បិតកវីរូបនេះ មានដើមកំណើតក្នុងខេត្តបាត់ដំបង និងមានឈ្មោះបោះសម្លេងនិពន្ធបទចម្រៀងជូនអធិរាជសម្លេងមាសលោក ស៊ីន ស៊ីសាមុត ដែលបទភាគច្រើនគឺរៀបរាប់ពីខេត្តបាត់ដំបង។

ភរិយារបស់កវី គង្គ ប៊ុនឈឿន គឺលោកស្រី គាត គីមលន បានចាត់ទុករូបសំណាកនាពេលនេះគឺជាការបំពេញក្តីស្រមៃស្វាមីលោកស្រីនៅមុនពេលលាចាកលោកទៅ។ លោកស្រីបានគូសបញ្ជាក់ថា សម្រាប់ចិត្តផ្ទាល់ ថ្ងៃនេះយាយឯកាសែនរំភើបរីករាយជាអនេករកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានឃើញរូបសំណាក កវីស្ទឹងសង្កែ ក្បែរជួរដើមដូងទី១០ នៅសួនសិល្បៈខេត្តបាត់ដំបង។

សូមអរគុណជាពិសេសណាស់ ដល់លោកឯកឧត្តម សុក លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារ ដែលលោកបានបំពេញក្តីស្រមៃបំណងប្រាថ្នាកវីគង្គ ប៊ុនឈឿន មុនលាចាកលោក និងមានរូបសំណាក ឥឡូវបានដូចប្រាថ្នាហើយ។

បើយោងតាមការបង្ហោះផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអោយដឹងថា លោកបានអញ្ជើញទទួលជួបសម្តែងការគួរសម ជាមួយអ្នកស្រី គាត គីម លន ដែលត្រូវជាភរិយារបស់ កវី គង្គ ប៊ុនឈឿន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកស្រីបានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តបាត់ដំបង និងក្រុមការងារដែលបានផ្តល់ការយកចិត្តទុកដាក់ចំពោះកវីនិពន្ធជំនាន់ដើម តាមរយៈការរៀបចំសួនសិល្បៈ និងសាងសង់រូបសំណាកកវី គង្គ ប៊ុនឈឿន ដែលជាស្វាមីរបស់អ្នកស្រី និងកវីនិពន្ធ តារាចម្រៀងដទៃទៀត ដែលមានដើមកំណើតចេញពីខេត្តបាត់ដំបង។

សួនសិល្បៈនេះ បានសាងសង់បានប្រមាណ៨០%ហើយ។ ក្រុមការងារនឹងធ្វើការកែលំអ និងសាងសង់បន្ថែមទៀត។ ហើយនៅពេលសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នឹងអញ្ជើញសាច់ញាតិ ក្រុមគ្រួសារនៃកវីនិពន្ធ តារាចម្រៀង មកចូលរួមផងដែរ។

អត្ថបទសរសេរដោយ សុខ វាសនា
កែសម្រួលដោយ ស្រីណា
