អាមេរិកបានចាប់ផ្តើមប្រតិបត្តិការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់យ៉ាងធំធេង ដោយប្រើកងទ័ពជាង១០,០០០នាក់ នាវាជើងទឹក១២គ្រឿង និងយន្តហោះជាង១០០គ្រឿង តាមការបញ្ជាក់ពីបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។

ប្រតិបត្តិការនេះដឹកនាំដោយនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Abraham Lincoln នៅក្នុងសមុទ្រអារ៉ាប់ ដោយមានការគាំទ្រពីនាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវជាច្រើន។ CENTCOM បញ្ជាក់ថា ការបិទខ្ទប់នេះផ្តោតតែលើកំពង់ផែនិងឆ្នេរសមុទ្រអ៊ីរ៉ង់ប៉ុណ្ណោះ ហើយមិនបិទខ្ទប់ច្រក Hormuz ទេ។
លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះអាមេរិក បានថ្លែងថា ការបិទខ្ទប់នេះត្រូវបានអនុវត្តចំពោះគ្រប់កប៉ាល់ដោយមិនគិតពីសញ្ជាតិ ប្រសិនបើពួកគេធ្វើដំណើរទៅកាន់ ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់។ យោងតាមប្រភពក្រៅផ្លូវការ គិតត្រឹមពេលនេះគ្មានកប៉ាល់ណាមួយអាចទម្លុះការបិទខ្ទប់បានឡើយ។
ការបិទខ្ទប់នេះកើតឡើងបន្ទាប់ពីការដួលរលំនៃកិច្ចចរចាការទូតនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ហើយកំពុងកើតឡើងចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយក្នុងជម្លោះដ៏ធំមួយនេះ។
