ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ រយៈពេល៦ថ្ងៃ ប្រជាពលរដ្ឋ និងកម្មករកម្មការនីជិត១២ម៉ឺននាក់ បានទទួលសេវារថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញដោយឥតគិតថ្លៃ ដើម្បីទៅលេងស្រុកកំណើត។

លោកស្រី ដោ សម្ផស្ស នាយករង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ថា៖ “ក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩.៤៩០នាក់ បានទទួលសេវាដឹកជញ្ជួនរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ។ បើធៀបនឹងឆ្នាំ២០២៥ ដែលមានតែ ៨៥.៨៤៩នាក់ គឺកើនឡើង ៣៣.៦៤១នាក់ ស្មើនឹង ៣៩%។”

ការបម្រើសេវានេះធ្វើឡើងក្រោយពីមានការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបញ្ចេញរថយន្តក្រុងចំនួន ៦០០គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋកម្មករ-កម្មការិនីដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ។

លោកស្រីដោ សម្ផស្សបានបញ្ជាក់បន្ថែមថា៖ “ស្របពេលដែលចំនួនពលរដ្ឋកើនឡើងនេះ យើងក៏បានបន្ថែមចំនួនរថយន្តក្រុងលើសផែនការគ្រោងទុកចំនួនដល់ទៅ ៩៤៥គ្រឿង ខណៈតាមផែនការត្រឹមតែ៦០០គ្រឿងប៉ុណ្ណោះ។”

ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកស្រីបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំផ្តល់ជូនប្រជាពលរដ្ឋនូវការធ្វើដំណើរប្រកបដោយផាសុខភាព និងសុវត្ថិភាព។

លោកស្រីក៏បានសូមការអធ្យាស្រ័យចំពោះប្រជាពលរដ្ឋដែលនៅថ្ងៃទី១២មេសា ជាថ្ងៃដំបូងនៃការចេញដំណើរ មានការយឺតយ៉ាវដោយសារចំនួនប្រជាពលរដ្ឋមកទទួលសេវាមានច្រើនលើសការរំពឹងទុក។

លោកស្រីបានបន្តថា៖ “កត្តានេះអាចបណ្តាមកពីវិបត្តិតម្លៃប្រេង ដែលអាចប៉ះពាល់ដល់ថ្លៃសំបុត្ររថយន្តក្រុងឯកជន ឬរថយន្តឈ្នួល ដែលធ្វើឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុងសាធារណៈរបស់យើងដោយឥតគិតថ្លៃវិញ។”

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ “ប្រជាពលរដ្ឋកម្មករ-កម្មការិនីបានជិះរថយន្តក្រុងដោយមិនគិតថ្លៃមានចំនួនច្រើនខ្លាំងជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។”

រដ្ឋបាលរាជធានីភ្នំពេញមានក្តីសប្បាយរីករាយដោយបានរួមចំណែកចូលរួមសម្រាកបន្ទុករបស់ប្រជាពលរដ្ឋក្នុងពេលដែលសេដ្ឋកិច្ចកំពុងមានភាពមិនច្បាស់លាស់។
ដោយ៖ តារា
