ភ្នំពេញ៖ ប្រទេសចិននៅតែរក្សាតំណែងជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា ដោយបានដាក់ទុនវិនិយោគជាង ១,១៦៩លានដុល្លារអាមេរិកក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

របាយការណ៍បង្ហាញថា ការវិនិយោគពីប្រទេសចិនបានរួមចំណែកជិតកន្លះ (៤៦.៧៧%) នៃទុនវិនិយោគសរុប ២.៥ប៊ីលានដុល្លារអាមេរិកក្នុងប្រទេសកម្ពុជា។ វិនិយោគិនកម្ពុជាស្ថិតនៅលំដាប់ទី២ ដោយរួមចំណែក ៣៨.០៦% ឬ ៩៥១លានដុល្លារ ខណៈម៉ាឡេស៊ីស្ថិតលេខ៣ ដោយរួមចំណែក ៨.១៤% ឬ ២០៣លានដុល្លារ។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាបានទាក់ទាញគម្រោងវិនិយោគសរុបចំនួន ១៤៦គម្រោង ដែលអាចបង្កើតការងារប្រមាណ ៨២ពាន់កន្លែង។ ក្នុងចំណោមនេះ គម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និង ៥១ គម្រោងដោយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត (អ.គ.វ.រ.ខ.)។

កម្ពុជានៅតែទាក់ទាញគម្រោងវិនិយោគធំៗ រួមមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ស្ថានីយផលិតអគ្គិសនីដោយថាមពលខ្យល់ រោងចក្រផ្គុំដំឡើងរថយន្ត ម៉ូតូ និងផលិតសំបកកង់រថយន្ត។
តាមវិស័យ ការវិនិយោគច្រើនជាងគេគឺនៅវិស័យឧស្សាហកម្ម (១,៣០០លានដុល្លារ) បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធ (៨៣៩លានដុល្លារ) ទេសចរណ៍ (៣០០លានដុល្លារ) និងកសិកម្ម-កសិឧស្សាហកម្ម (២៤លានដុល្លារ)។

ការវិនិយោគដ៏សំខាន់នេះបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិទៅលើសក្ដានុពលសេដ្ឋកិច្ចកម្ពុជា និងបរិស្ថានវិនិយោគដែលមានស្ថេរភាពក្នុងប្រទេស។
ដោយ៖ តារា
