ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរឹងលើការនាំចូលសំណល់អេឡិចត្រូនិកខុសច្បាប់ នៅពេលដែលតំបន់អាស៊ីអាគ្នេយ៍កំពុងក្លាយជាទិសដៅថ្មីសម្រាប់ការបោះចោលសំណល់គ្រោះថ្នាក់។

អាជ្ញាធរពាក់ព័ន្ធបានប្រកាសអនុវត្តវិធានការរឹតបន្តឹងថ្មីៗ ដោយព្រមានថា ការនាំចូលសំណល់អេឡិចត្រូនិកខុសច្បាប់នឹងប្រឈមនឹងទណ្ឌកម្មព្រហ្មទណ្ឌធ្ងន់ធ្ងរ រួមទាំងការពិន័យថវិកាខ្ពស់ និងការឃុំខ្លួន។
សំណល់អេឡិចត្រូនិក ឬ e-waste ដែលរួមមានកុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ អាចមានសារធាតុគីមីពុលគ្រោះថ្នាក់ដូចជា សំណ បារត និងកាដម្យូម ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងបរិស្ថាន។
អ្នកជំនាញបរិស្ថានបានព្រមានថា បន្ទាប់ពីប្រទេសអភិវឌ្ឍន៍ជាច្រើនបានរឹតបន្តឹងច្បាប់បរិស្ថាន បណ្តាញជួញដូរសំណល់ខុសច្បាប់បានប្រែទិសមកតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងក្លាយជាគោលដៅថ្មី។
នៅប្រទេសជិតខាង ការបង្ក្រាបបានកើនឡើងយ៉ាងខ្លាំង។ នៅម៉ាឡេស៊ី អាជ្ញាធរបានបដិសេធកុងតឺន័រសំណល់ជាច្រើននៅតាមកំពង់ផែ ដោយចាត់ទុកថាជាការរំលោភច្បាប់បរិស្ថាន។ ចំណែកនៅថៃ អាជ្ញាធរបានរកឃើញកុងតឺន័រសង្ស័យចំនួន ១៨ គ្រឿងនៅកំពង់ផែឡែមឆាបាង កាលពីខែមីនា។
ប្រតិបត្តិការអន្តរជាតិដែលមានការគាំទ្រពីអង្គការពិភពលោកបាននាំឲ្យរឹបអូសកុងតឺន័រសង្ស័យសរុបដល់ទៅ ៧១៤ គ្រឿងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ មន្ត្រីថៃបានបញ្ជាក់ថា ក្រុមជួញដូរបានប្រើល្បិចក្លែងបន្លំ ដោយប្រកាសសំណល់ទាំងនេះថាជា “សម្ភារៈអេតចាយ” ដើម្បីគេចវាងការត្រួតពិនិត្យ។

បច្ចុប្បន្ន ប្រទេសនៅតំបន់កំពុងបង្កើនការត្រួតពិនិត្យតាមច្រកព្រំដែន និងពង្រឹងកិច្ចសហការអន្តរជាតិ ដើម្បីទប់ស្កាត់ការជួញដូរសំណល់គ្រោះថ្នាក់ឆ្លងដែន ដែលកំពុងក្លាយជាបញ្ហាធំមួយសម្រាប់បរិស្ថាន និងសុខភាពសាធារណៈនៅតំបន់។
ដោយ៖ តារា
