រាជធានីភ្នំពេញ – ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា ប៉េងហួតគ្រុប បានប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំនៃការកសាងសមិទ្ធផលយ៉ាងរុងរឿង ដោយបង្ហាញពីវិសាលភាពអភិវឌ្ឍន៍ជិត១,០០០ហិកតាជុំវិញរាជធានីភ្នំពេញ។

ក្រោមពាក្យស្លោក «២០ឆ្នាំនៅជាមួយគ្នា សុភមង្គលជានិរន្តរ៍» ពិធីនេះបានរំឭកភាពជោគជ័យរួមគ្នារវាងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់កម្រិតនៃក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ រួមមាន៖ ប៉េងហួតគ្រុប បុរីប៉េងហួត ភីអេចខន់ស្ត្រាក់សិន និងភីអេចអ៊ីនវេសមិន។

អ្នកឧកញ៉ាថៃជាហួត ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា៖ «ពេលចាប់ផ្តើមដំបូងក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនយើងចាប់ផ្តើមពីគម្រោងតូចមួយ ប៉ុន្តែយើងមានក្តីសុបិន្តធំមួយ។ ជាក់ស្តែងទម្រាំយើងទទួលបានការរីកចម្រើន និងភាពជោគជ័យរហូតមកដល់ថ្ងៃនេះ យើងបានឆ្លងកាត់នូវវិបត្តិធំៗជាច្រើន និងឧបសគ្គរាប់មិនអស់។»

ក្រុមហ៊ុនបានផ្តល់ពានរង្វាន់ពិសេសជូនដល់បុគ្គលិកដែលមានភក្តីភាពការងារចាប់ពី១០ឆ្នាំរហូតដល់២០ឆ្នាំ ចំនួនជិត៣០០នាក់ ដើម្បីជាការដឹងគុណចំពោះការខិតខំប្រឹងប្រែង និងភាពស្មោះត្រង់របស់ពួកគេក្នុងនាមជាគ្រួសារតែមួយ។

តាមរយៈភាពជោគជ័យនៃបុត្រសម្ព័ន្ធទាំង៣របស់ក្រុមហ៊ុន ប៉េងហួតគ្រុបប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវគុណតម្លៃជីវិតកាន់តែមានន័យ និងដ៏ឧត្តុង្គឧត្តម ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព។

ប៉េងហួតគ្រុបគឺក្រុមហ៊ុនឈានមុខគេមួយដែលអភិវឌ្ឍលំនៅឋាន សាងសង់ប្រកបដោយគុណភាព និងការវិនិយោគលើគម្រោងកម្សាន្ត និងសាលសន្និបាត។ ក្រុមហ៊ុនបានទទួលការទទួលស្គាល់ជាអន្តរជាតិជាច្រើនក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមបំផុតនៅកម្ពុជា។






