ស្នងការនគរបាលខេត្តកំពត លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារប្រកាសថា នឹងអនុវត្តទោសចំពោះមន្ត្រីនគរបាលដែលបានគប់កែវស្រាលើស្ត្រីអ្នកចាប់ទឹកកក ដោយគ្មានការលើកលែងជាដាច់ខាត។

ព្រឹត្តិការណ៍នេះកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១៩ មេសា ២០២៦ នៅក្នុងភូមិអណ្ដូងខ្មែរ ក្រុងកំពត។ ស្ត្រីឈ្មោះ ទិត្យធូ ដែលជាអ្នកស៊ីឈ្នួលចាប់ទឹកកក ត្រូវបានមន្ត្រីនគរបាល ទេព សុខផេង គប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឲ្យរបួសហូរឈាមពេញមុខ។
ប្រភពប្រជាពលរដ្ឋបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងកម្មពិធីមួយនៅបុរីកុសល្យ ម៉ីរៀល អ៊ីស្ទេត ឯ.ក. ដែលជនបង្កគឺជាកូនរបស់ម្ចាស់បុរី។ ជនសង្ស័យខឹងដោយសារកែវស្រារបស់ខ្លួនអស់ទឹកកក បានហៅជនរងគ្រោះមកចាប់ទឹកកកឲ្យយូរពេក បែរជាយកកែវស្រាគប់ចំកណ្ដាលមុខ។
លោកស្នងការខេត្តបានសង្កត់ធ្ងន់ថា៖ «មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបំរើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះ គឺមិនមាននៅក្នុងវចនានុក្រមរបស់ខ្ញុំនោះទេ។ មន្ត្រីដែលផឹកស៊ីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋ នឹងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត»។
ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសំណាងល្អមិនត្រូវភ្នែក។ តាមប្រភពដដែល ភាគីជនបង្កបានសម្របសម្រួលឱ្យជនរងគ្រោះទទួលសំណងចំនួន ២លាន ៥០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង តែខាងជនរងគ្រោះមិនព្រមទទួល។
លោកស្នងការបានបញ្ជាក់បន្ថែមថា ករណីនេះជនរងគ្រោះមិនទាន់មកដាក់ពាក្យបណ្ដឹងទេ ទើបមានការយឺតយ៉ាវក្នុងការទទួលព័ត៌មាន។
