ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រេងឆៅ និងផលិតផលប្រេងកាតរបស់រុស្ស៊ី។ លោកបានព្រមានថា រាល់ប្រាក់ដុល្លារដែលបានចំណាយសម្រាប់ប្រេងរបស់រុស្ស៊ី គឺជាប្រាក់សម្រាប់សង្គ្រាម។

នៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គម លោកហ្សេលេនស្គីបានសរសេរថា៖ «ការបន្តបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី បានជំរុញឲ្យមានការយល់ច្រឡំចំពោះថ្នាក់ដឹកនាំរុស្ស៊ីថា ពួកគេអាចបន្តសង្គ្រាមបានទៅមុខទៀត»។
លោកបានបង្ហាញក្ដីកង្វល់បន្ថែមទៀតថា មាននាវាដឹកប្រេងជាង ១១០គ្រឿងដែលដឹកប្រេងរបស់រុស្ស៊ី បានបំពានទណ្ឌកម្មអន្តរជាតិដោយដឹកប្រេងឆៅជាង ១២លានតោន ដោយសារតែការបន្ធូរបន្ថយទណ្ឌកម្ម។

ទោះជាយ៉ាងណាក៏ដោយ លោកហ្សេលេនស្គីមិនបានលើកឡើងពីសហរដ្ឋអាមេរិកដោយផ្ទាល់ទេ ប៉ុន្តែរដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ត្រាំបានចេញការលើកលែងទណ្ឌកម្មរយៈពេលមួយខែ ដែលអនុញ្ញាតឲ្យប្រទេសនានាធ្វើប្រតិបត្តិការប្រេងឆៅ និងផលិតផលប្រេងកាតរបស់រុស្ស៊ី។
ការបន្ធូរបន្ថយទណ្ឌកម្មចុងក្រោយនេះក៏នាំឲ្យមានការជំទាស់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលលើកឡើងថា ឥឡូវនេះមិនមែនជាពេលវេលាដើម្បីបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនោះទេ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Roland Lescure ក៏បានគូសបញ្ជាក់ថា រុស្ស៊ីមិនត្រូវអនុញ្ញាតឲ្យទទួលបានអត្ថប្រយោជន៍ពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ។
ព័ត៌មាននេះត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី១៩ មេសា។
